ខេត្តកណ្តាល៖ នាព្រឹកថ្ងៃអង្គារ១៣កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២០ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងារគណ:ពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកពញាឮ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤១ នៃទិវាជ័យជម្នះ ៧ មករា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកពញាឮ ខេត្តកណ្តាល ។
អង្គពិធី មានការចូលរួមដោយសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាឮ គណៈកម្មាធិការគណបក្សខេត្តកណ្តាល និងស្រុកពញាឮ ព្រមទាំងបណ្តាឃុំក្នុងស្រុកពញាឮ យ៉ាងច្រើនកុះករ ផងដែរ។
ក្រោយពីបានស្តាប់នូវខ្លឹមសារស្នូលសំខាន់នៃទិវាជ័យជម្នះ ៧ មករា និងលទ្ធផលនៃសន្និបាតគណ:កម្មាធិការកណ្តាល លើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ដែលជម្រាបជូនដោយលោករដ្ឋមន្រ្តីរួចមក អង្គពិធីបានចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ទិវាជ័យជម្នះ ៧ មករា ដែលបានធ្វើឲ្យប្រទេសជាតិ និងប្រជាជន មានជីវិតរស់រានឡើងវិញ និងក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននាំប្រទេសជាតិ មានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យក្នុងជំហានដ៏ស្វាហាប់ និងប្រកបដោយមោទនភាព។
អង្គពិធី បានប្តេជ្ញាជាធ្លុងមួយ បន្តថែរក្សាឲ្យបានជាដាច់ខាតនូវសុខសន្តិភាព សម្រាប់បន្តការកសាង និងអភិវឌ្ឍកម្ពុជា ឲ្យមានការរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត និងប្រកបដោយចីរភាព និងសូមអរគុណសន្តិភាព មានសន្តិភាពទេីបយេីងមានអ្វីៗដូចសព្វថ្ងៃនេះ ។
ដេីម្បីជាចំណងដៃ សម្រាប់ឆ្នាំថ្មីនេះ លោករដ្ឋមន្ត្រី បានផ្តល់ផ្លូវក្រាលកៅស៊ូ ប្រវែង ១២ គីឡូម៉ែត្រ នៅក្នុងឃុំចំនួន ៣ របស់ស្រុកពញាឮ និងសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពញាឮថ្មី ផងដែរ៕
ដោយ៖ សុខ ខេមរា