ព័ត៌មានទាន់ហេតុការណ៍៖

លោកចៅក្រមស៊ើបសួរ រស់ ពិសិដ្ឋ សម្រេចចេញដីកាដោះលែង ជនត្រូវចោទម្នាក់ពាក់ព័ន្ធករណីចេញសែកស្អុយ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ ពាក់ព័ន្ធលើសំណុំរឿងចេញសែកគ្មានសាច់ប្រាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគបាលរាជធានីភ្នំពេញ ចាប់ខ្លួន និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ តាមដីការបស់ចៅក្រមស៊ើបសួរ រស់ ពិសិដ្ឋ ប៉ុន្តែទីបំផុតនៅល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ត្រូវដោះលែងវិញ ។

ជនត្រូវចោទដែលត្រូវចាប់ខ្លួនតាមដីកាតុលាការនោះ មានឈ្មោះ សឿង រតនា ភេទប្រុស អាយុ ៣៤ឆ្នាំ ។ ជនត្រូវចោទរូបនេះ ត្រូវបានតុលាការចោទប្រកាន់ និងចេញដីកាបង្គាប់ឲ្យចាប់យកទៅឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបរកណ៍ដែលអាចជួញដូរបាន (ចេញសែកគ្មានសាច់ប្រាក់) ប្រព្រឹត្តកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ដោយយោងតាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។

សមត្ថកិច្ចបានចាប់ខ្លួនឈ្មោះ សឿង រតនា គឺយោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ របស់លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅចំណុចទី៣ នៃសេចក្តីសម្រេចបានបញ្ជាក់យ៉ាងច្បាស់ថា «បញ្ជាដល់ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួនឲ្យទទួល និងឃុំខ្លួនបុគ្គលនេះ (ឈ្មោះ សឿង រតនា) និងត្រូវនាំទៅបង្ហាញដល់ចៅក្រមស៊ើបសួរក្នុងរយៈពេលយ៉ាងខ្លី ។ »

ដោយឡែកចំពោះករណីនេះ បន្ទាប់ពីចាប់ខ្លួនជនត្រូវចោទបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ស្រាប់តែលោកចៅក្រមស៊ើបសួរ រស់ ពិសិដ្ឋ សម្រេចចេញដីកាដោះលែងជនត្រូវចោទ ដោយដាក់ថា «សម្រេចមិនឃុំខ្លួនបណ្តោះអាសន្ន និងដាក់ឲ្យស្ថិតក្រោមការពិនិត្យតាមផ្លូវតុលាការ» ខណៈដែលមន្រ្តីនគរបាលយុត្តិធម៍ខំប្រឹងតាមចាប់ជនល្មើស បែរជាឲ្យត្រឡប់ទៅផ្ទះវិញ ថែមទាំងមានរថយន្តស៊េរីទំនើបមករង់ចាំទទួល នៅមុខសាលាដំបូងរាជធានីភ្នំពេញផងដែរ ៕ស រស្មី

 


ចែករំលែក៖