ក្រោយការវាយប្រហារ ដោយមីស៊ីល១៣គ្រាប់ទៅលើទីតាំងយោធាអាមេរិកពីរកន្លែងនៅលើទឹកដីអ៊ីរ៉ាក់ កម្លាំងទាហានបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បន្តព្រមានថានឹងបន្តវាយប្រហារទៅលើទឹកដី អាមេរិក។
សារព័ត៌មាន CNN បានផ្សាយថា កម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានបង្ហោះសារនៅលើបណ្តាញសង្គម Telegram ថា«មន្ទីបញ្ចកោណអាមេរិក បានប្រកាសថានឹងតបតវិញ ដោយវាយប្រហារទៅលើទីតាំងរបស់អ៊ីរ៉ង់។ ប្រសិនបើ អាមេរិកបន្តវាយប្រហារនោះ លើកនេះអ៊ីរ៉ង់ និងវាយសម្តៅទៅលើទឹកដីអាមេរិកតែម្តង មិនមែននៅក្នុងប្រទេសអ៊ីរ៉ាក់ ទៀតឡើយ»។
អ៊ីរ៉ង់មិនត្រឹមតែព្រមានអាមេរិកនោះឡើយថែមទាំង ព្រមានវាយប្រហារទីក្រុងឌូបៃ អ៊ីស្រាអែល និងទីតាំងនានារបស់ប្រទេសជាសម្ពន្ធមិត្តអាមេរិក។
ពិភពលោកបារម្ភពីសង្គ្រាមទ្រង់ទ្រាយធំក្រោយ អ៊ីរ៉ង់វាយប្រហារទីតាំងយោធាអាមេរិក សងសឹក។សារព័ត៌មានអ៊ីរ៉ង់បានផ្សាយថា នៅថ្ងៃទី ៨ ខែមករានេះ កម្លាំងទាហានអ៊ីរ៉ង់ បានបើកការវាយប្រហារជាទ្រង់ទ្រាយធំ ដោយមីស៊ីលជាច្រើនគ្រាប់ទៅលើទីតាំងយោធា Ain Assad និង Erbil របស់អាមេរិក នៅលើទឹកដីអ៊ីរ៉ាក់។
សារព័ត៌មាន ABC News បានផ្សាយថា មីស៊ីលអ៊ីរ៉ង់ ៦គ្រាប់ បានបាញ់ចំទីតាំងយោធា Ain Assad របស់អាមេរិក។ មកទល់ពេលនេះមិនទាន់មានរបាយការណ៍ស្តីពីការស្លាប់ ឬរងរបួស ក្នុងការវាយប្រហារខាងលើនៅឡើយ។
តាមបណ្តាញទូរទស្សAl Mayadeen បានផ្សាយថា ទីតាំងយោធា Ain Assad បានប្រកាសអាសន្ន កំរិតខ្ពស់ក្រោយការវាយប្រហារ។ ចំណែកសារព័ត៌មាន Fox News វិញបានផ្សាយថា អ៊ីរ៉ង់ បានបើកការវាយប្រហារទៅលើទីតាំង ជាច្រើនកន្លែងរបស់អាមេរិក នៅលើទីដីអ៊ីរ៉ាក់ ដោយមីស៊ីលរយៈចម្ងាយខ្លី ស្ថិតនៅក្នុងខេត្ត Anbar។
ប្រធានាធិបតីអាមេរិក ដូណាលត្រាំ ក៏ទទួលបាន ព័ត៌មានជាបន្ទាន់ផងដែរ ស្តីពីការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើទីតាំងយោធាអាមេរិក ។ លោកត្រាំក៏បានប្រឹក្សាជាមួយមន្ត្រីសន្តិសុខ ហើយតាមដាន់រាល់សកម្មភាពរបស់អ៊ីរ៉ង់។
នេះជាការវាយប្រហារសងសឹកអាមេរិក ជាទ្រង់ទ្រាយធំ របស់អ៊ីរ៉ង់ ក្រោយអាមេរិកវាយប្រហារសម្លាប់ មេទ័ពអ៊ីរ៉ង់ នៅលើទឹកដីអ៊ីរ៉ាក់។ កម្លាំងទាហានអ៊ីរ៉ង់ បានប្រកាសថា នឹងមានការវាយប្រហារជាទ្រង់ទ្រាយធំ ទៅលើទាហានអាមេរិក ក្នុងទឹកដីអ៊ីរ៉ាក់ ជាបន្តទៀត។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ប្រសិនបើអាមេរិក វាយបកទៅលើអ៊ីរ៉ង់ វិញនោះ សង្គ្រាមទ្រង់ទ្រាយធំនឹងកើតឡើងក្នុងថ្ងៃនេះតែម្តង ដោយអ៊ីរ៉ង់ មិនអាចអត់ធ្មត់ទុកឲ្យអាមេរិកវាយប្រហារ ទៀតឡើយ៕