ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីរ៉ង់វាយប្រហារទីតាំងអាមេរិក នៅអ៊ីរ៉ាក់ ហើយបន្តព្រមានវាយប្រហារ នៅក្នុងទឹកដីអាមេរិកទៀត

ចែករំលែក៖

ក្រោយការវាយប្រហារ ​ដោយមីស៊ីល​១៣គ្រាប់​ទៅលើទីតាំងយោធាអាមេរិកពីរកន្លែង​នៅលើទឹកដីអ៊ីរ៉ាក់​​ កម្លាំងទាហានបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់​ បន្តព្រមានថា​នឹងបន្តវាយប្រហារទៅលើទឹកដី អាមេរិក។

សារព័ត៌មាន CNN ​បានផ្សាយថា កម្លាំងបដិវត្តន៍​អ៊ីស្លាមអ៊ីរ៉ង់ បានបង្ហោះសារនៅលើបណ្តាញសង្គម​ Telegram ​ថា«មន្ទីបញ្ចកោណ​អាមេរិក បានប្រកាសថានឹងតបតវិញ ដោយវាយប្រហារទៅលើទីតាំងរបស់អ៊ីរ៉ង់។ ប្រសិនបើ អាមេរិកបន្តវាយប្រហារនោះ លើកនេះអ៊ីរ៉ង់ និង​វាយសម្តៅទៅលើទឹកដីអាមេរិកតែម្តង មិនមែននៅក្នុងប្រទេសអ៊ីរ៉ាក់ ទៀតឡើយ»។

អ៊ីរ៉ង់មិនត្រឹមតែព្រមានអាមេរិកនោះឡើយថែមទាំង​ ព្រមានវាយប្រហារ​ទីក្រុងឌូបៃ​ អ៊ីស្រាអែល និងទីតាំងនានារបស់ប្រទេសជាសម្ពន្ធមិត្តអាមេរិក​។

ពិភពលោកបារម្ភពីសង្គ្រាមទ្រង់ទ្រាយធំក្រោយ អ៊ីរ៉ង់​វាយប្រហារទីតាំងយោធាអាមេរិក សងសឹក។សារព័ត៌មានអ៊ីរ៉ង់បានផ្សាយថា នៅថ្ងៃទី ៨ ខែមករានេះ កម្លាំងទាហានអ៊ីរ៉ង់ បានបើកការវាយប្រហារជាទ្រង់ទ្រាយធំ ដោយមីស៊ីលជាច្រើនគ្រាប់ទៅលើទីតាំង​យោធា Ain Assad និង Erbil ​របស់អាមេរិក នៅលើទឹកដីអ៊ីរ៉ាក់​។

សារព័ត៌មាន​ ABC News ​បានផ្សាយថា មីស៊ីលអ៊ីរ៉ង់ ៦គ្រាប់ បានបាញ់ចំទីតាំងយោធា Ain Assad ​របស់អាមេរិក​។ មកទល់ពេលនេះមិនទាន់មាន​របាយការណ៍ស្តីពី​ការស្លាប់ ឬរងរបួស ក្នុងការវាយប្រហារខាងលើនៅឡើយ។​

តាមបណ្តាញទូរទស្ស​​Al Mayadeen ​បានផ្សាយថា ទីតាំងយោធា Ain Assad បានប្រកាសអាសន្ន កំរិតខ្ពស់ក្រោយការវាយប្រហារ​។ ចំណែកសារព័ត៌មាន​ Fox News ​វិញបានផ្សាយថា​ អ៊ីរ៉ង់ បានបើកការវាយប្រហារទៅលើទីតាំង ជាច្រើនកន្លែងរបស់អាមេរិក នៅលើទីដីអ៊ីរ៉ាក់ ដោយមីស៊ីលរយៈចម្ងាយខ្លី​ ស្ថិតនៅក្នុងខេត្ត​ Anbar។

ប្រធានាធិបតីអាមេរិក ដូណាលត្រាំ ក៏ទទួលបាន ព័ត៌មានជាបន្ទាន់ផងដែរ ស្តីពីការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើទីតាំងយោធាអាមេរិក ។ លោកត្រាំក៏បានប្រឹក្សាជាមួយមន្ត្រីសន្តិសុខ ហើយតាមដាន់រាល់សកម្មភាពរបស់អ៊ីរ៉ង់​។

នេះជាការវាយប្រហារសងសឹកអាមេរិក ជាទ្រង់ទ្រាយធំ​ របស់អ៊ីរ៉ង់​​ ក្រោយអាមេរិកវាយប្រហារសម្លាប់ មេទ័ពអ៊ីរ៉ង់ នៅលើទឹកដីអ៊ីរ៉ាក់​។ កម្លាំងទាហានអ៊ីរ៉ង់ បានប្រកាសថា នឹងមានការវាយប្រហារជាទ្រង់ទ្រាយធំ ទៅលើទាហានអាមេរិក ក្នុងទឹកដីអ៊ីរ៉ាក់ ជាបន្តទៀត។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ប្រសិនបើអាមេរិក វាយបកទៅលើអ៊ីរ៉ង់ វិញ​នោះ សង្គ្រាមទ្រង់ទ្រាយធំនឹងកើតឡើង​ក្នុងថ្ងៃនេះតែម្តង ដោយអ៊ីរ៉ង់ មិនអាចអត់ធ្មត់ទុកឲ្យអាមេរិកវាយប្រហារ ទៀតឡើយ​៕


ចែករំលែក៖