យន្ដហោះប៊ូអ៊ីញ ៧៣៧ របស់អ៊ុយក្រែន ដែលមានមនុស្ស ១៨០ នាក់នៅលើយន្ដហោះ បានធ្លាក់នៅប្រទេសអ៊ីរ៉ង់ ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Fars បានផ្សាយថា យន្តហោះដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះចេញពីអាកាសយានដ្ឋាន Imam Khomeini របស់អ៊ីរ៉ង់នៅ Tehran ។
របាយការណ៍បឋមបានលើកឡើងថា យន្ដហោះនេះកំពុងធ្វើដំណើរទៅកាន់រដ្ឋធានី គៀវ របស់អ៊ុយក្រែន។
គេមិនទាន់ច្បាស់ថា តើឧប្បត្តិហេតុនេះ មានជាប់ទាក់ទងទៅនឹងការប្រឈមមុខរវាងអ៊ីរ៉ង់ – អាមេរិកឬយ៉ាងណា ។
ក្រុមជួយសង្គ្រោះត្រូវបានបញ្ជូនទៅតំបន់នោះក្បែរអាកាសយានដ្ឋាន ដែលជាកន្លែងដែលយន្តហោះបានធ្លាក់ ។
ប្រធានសេវាកម្មគ្រាអាសន្នរបស់អ៊ីរ៉ង់លោក Pirhossein Koulivand បានប្រាប់ទូរទស្សន៍រដ្ឋថា “យន្ដហោះកំពុងឆេះ ប៉ុន្តែយើងបានបញ្ជូនក្រុមជួយសង្គ្រោះ ហើយយើងប្រហែលជាអាចជួយសង្គ្រោះអ្នកដំណើរបានខ្លះ” ៕