នៅពេលនេះអ៊ីរ៉ង់បានវាយបកទៅលើទីតាំងអាមេរិកវិញហើយ ក្រោយប៉ុន្មានថ្ងៃជាប់រវល់រៀបចំបុណ្យសព មេទ័ព ដែលអាមេរិកសម្លាប់ ។ ការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើទឹកទីតាំងអាមេរិកនៅលើទឹកដីអ៊ីរ៉ាក់ ប្រាកដជាធ្វើឲ្យអាមេរិក មិនអាចនៅស្ងៀម មើលអ៊ីរ៉ង់វាយប្រហារនោះឡើយ។ អាមេរិកប្រាកដជាវាយបកអ៊ីរ៉ងវិញជាមិនខាន់ ទាំងគោលដៅរបស់អ៊ីរ៉ង់ នៅអ៊ីរ៉ាក់និងនៅលើទឹកដីស៊ីរី ដែលមានទាហានរុស្ស៊ីឈរជើងនៅទីនោះ។
កតាទាំងនោះហើយបានជា ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានបំពេញទស្សនកិច្ចគ្មានការព្រាងទុកទៅកាន់ស៊ីរី ដើម្បីពិភាក្សាជាមួយប្រធានាធិបតីស៊ីរីលោក អាលអាសាដ និងជួបសួរសុខទុក្ខទាហានរុស្ស៊ី ដែលឈរជើងនៅប្រទេសស៊ីរីផងដែរ។
លោកពូទីនបានទៅកាន់ ទីក្រុង Damascus នាថ្ងៃទី ៧ ខែមករា ឆ្នាំ២០២០ ដែលជាដំណើរទស្សនកិច្ចលើកដំបូងចាប់តាំងពី សង្គ្រាមនៅស៊ីរីផ្ទុះឡើង តាំងពីឆ្នាំ២០១១។ ក្បួនរថយន្តការពារបានបញ្ជូន ប្រធានាធិបតីពូទីន ទៅកាន់ទីបញ្ជាការកងទ័ពរុស្ស៊ី ហើយនៅទីនោះលោក ពូទីនបានជួបពិភាក្សាជាមួយប្រធានាធិបតីស៊ីរី អាលអាសាដ។
នៅក្នុងកិច្ចពិភាក្សា លោកពូទីនបាននិយាយទៅកាន់សមភាគីស៊ីរីថា «សន្តិភាពបានបង្ហាញយ៉ាងច្បាស់ ដែលយើងអាចមើលឃើញដោយភ្នែក នៅក្នុងទីក្រុងនានា នៅស៊ីរី»។
មេដឹកនាំទាំងពីរ ក៏បានស្តាប់របាយការណ៍ស្តីពីស្ថានភាពយោធានៅភាគខាងជើងស៊ីរី ដែលជាទីកន្លែងក្រុមឧទ្ទាមកំពុងតែគ្រប់គ្រង ។
លោកអាលអាសាដ បានអរគុណដល់ប្រធានាធិបតីពូទីន ដែលបានខិតខំ ជួយដល់សន្តិភាព នៅស៊ីរី ។កម្លាំងទាហានរុស្ស៊ីបានជួយដល់ស៊ីរី តាំងពីខែកញ្ញា ឆ្នាំ២០១៥ មកទល់ពេលនេះ ក្នុងការកម្ចាត់ក្រុមភេរវកម្ម IS ។
ដំណើរទស្សនកិច្ចមិនមានការព្រាងទុករបស់ ប្រធានាធិបតីពូទីន កើតឡើងក្នុងពេលដែល អាមេរិក និងអ៊ីរ៉ង់ ប្រឈមមុខដាក់គ្នាកាន់តែតានតឹង ក្រោយអាមេរិកវាយប្រហារសម្លាប់មេទ័ពអ៊ីរ៉ង់ នៅលើទឹកដីអ៊ីរ៉ាក់ ។ នៅថ្ងៃទី ៨ខែមករា អ៊ីរ៉ង់បានវាយប្រហារដោយមីស៊ីល រាប់សិបគ្រាប់ទៅលើទីតាំងយោធា ពីរកន្លែងរបស់អាមេរិក ។ទាំងនោះជាសញ្ញានៃការផ្ទុះសង្គ្រាម រវាងអាមេរិកនិងអ៊ីរ៉ង់បានចាប់ផ្តើម៕