ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ គ្រាដែលរកឃើញថាបានកាប់រុករាន ហ៊ុមពទ្ធ័ កាន់កាប់ដីព្រៃដោយខុសច្បាប់ ។ ការចាប់ខ្លួនធ្វើឡើងនៅរសៀល ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក ក្រោមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហុក ពៅ ចៅក្រមស៊ើបសួរនៃអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ ។
លោក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេកជ័យ សុកា បានឲ្យដឹងថា ជនត្រូវចោទដែលបានឃាត់ខ្លួនឈ្មោះ កើត ណូក ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ឃាត់ខ្លួន តាមដីកាបង្គាប់ឲ្យនាំខ្លួន លេខ នខ/ឃ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ របស់លោក ហុក ពៅ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យ ។
ជនត្រូវចោទក្រោយពីឃាត់ខ្លួនត្រូវបានកម្លាំងយកមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ហើយបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្ត ។
លោក មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលការងារយុត្តធម៌ម៉ែន ភិរម្យឲ្យដឹងថា ការឃាត់ខ្លួនករណីខាងលើធ្វើឡើងដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងផ្អែកតាមដីកាបង្គាប់ឲ្យនាំខ្លួនជនដែលត្រូវចោទពីបទ កាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធកាន់កាប់ព្រៃ ពុំមានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាត ដែលចេញដោយលោក ហុក ពៅ ចៅក្រមស៊ើបសួរ ។ ក្រោយឃាត់ខ្លួន ជនត្រូវចោទបានបញ្ជូនខ្លួនទៅសាលាដំបូងនិងបន្តទៅឃុំខ្លួននៅពន្ធនាគារខេត្តរួចហើយនៅព្រឹកថ្ងៃទី០៩ខែមករាឆ្នាំ២០២០នេះ ៕ វណ្ណា