ភ្នំពេញ៖ យោងតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះថា បុរសជនជាតិបារាំងម្នាក់ ដែលប្រើដុំថ្ម កាំបិតវាយកម្ទេចឡំប្រឺតា និងដេញកាប់អ្នកបើកបរផ្អើលខណ្ឌទួលគោកនោះ ត្រូវបានលោកព្រះរាជអាជ្ញារង ស៉ិត វណ្ណៈ សម្រេចដោះលែងទៅវិញ ក្រោយពេលសាកសួរចប់នីតិវិធី ។ បន្ទាប់ពីកម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការខណ្ឌទួលគោក កសាងសំណុំរឿងបញ្ជូនខ្លួនជនជាតិបារាំងម្នាក់ទៅតុលាការដើម្បីចាត់តាមច្បាប់កាលពីរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ។
ប្រភពដដែលបន្តថា ជនសង្ស័យដែលត្រូវបានតំណាងអយ្យការដោះលែងឲ្យមានសេរីភាពវិញនោះ មានឈ្មោះ VERON MAXENCE LUDWIG ភេទប្រុស អាយុ ៣២ឆ្នាំ ត្រូវកម្លាំងនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនកាលព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ពាក់ព័ន្ធបទល្មើស ហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ជនសង្ស័យបានប្រើដុំថ្ម និង កាំបិតវាយកម្ទេចឡំប្រឺតាមួយគ្រឿង និងប្រើកាំបិតដេញចាក់ជនរងគ្រោះឈ្មោះ កត់ រំចង់ ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ឡំប្រឺតា ស្នាក់នៅផ្ទះលេខ ១០៤ ផ្លូវជាតិលេខ៣ ភូមិកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឲ្យរងរបួសនៅចំណុចមុខផ្ទះជួល លេខ៨ ផ្លូវលេខ៥៦២ ក្រុមទី៤៤ ភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕ស រស្មី