ក្រោយការចោទប្រកាន់ គ្នាទៅវិញទៅមកពេលនេះ អ៊ីរ៉ង់បានចេញមុខសារភាព ថា កម្លាំងទាហានរបស់ខ្លួនពិតជាបាញ់ច្រឡំ ដោយអចេតនាទៅលើយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន។
ការបាញ់ច្រឡំដោយអចេតនា កើតឡើង ក្នុងពេលដែល អ៊ីរ៉ង់ បានបើកការវាយប្រហារ ដោយមីស៊ីលទៅលើទីតាំងយោធា អាមេរិក ពីរកន្លែងក្នុងប្រទេសអ៊ីរ៉ាក់។
សារព័ត៌មាន ISNA របស់អ៊ីរ៉ង់បានដកស្រង់សម្តី មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានបញ្ជាក់នៅថ្ងៃទី១១ ខែមករា នេះ អ៊ីរ៉ង់បានសារភាពថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរ១៧៦នាក់របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែនដោយអចេតនាតែប៉ុណ្ណោះ ។
កម្លាំងទាហានបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ IRGC នៅថ្ងៃទី១១ខែមករា បានប្រកាសថា អ្នកដែលត្រូវទទួលខុសត្រូវ នឹងត្រូវប្រគល់ទៅឲ្យតុលាការយោធាជាអ្នកដោះស្រាយ។ នៅក្នុងសេចក្តីប្រកាសរបស់កម្លាំងទាហាន IRGCបានបញ្ជាក់ថា«កម្លាំងទាហាន ស្ថិតនៅក្នុងការត្រៀមលក្ខណៈខ្ពស់បំផុត ហើយការបាញ់ចំយន្តហោះដឹកអ្នកដំណើរ គឺជាកំហុសដោយអចេតនា ។ កម្លាំងទាហាន IRGC បានសុំទោសជាសាធារណៈហើយសន្យាថា នឹងមិនឲ្យមានករណីបែបនេះកើតឡើងនាពេលអនាគត់ ៕