ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តតាកែវ បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ឈ្មួញនាំចូលជ្រូកពីស្រុកយួនតាមច្រកព្រំដែន និងច្រករបៀងច្រើនកន្លែងក្នុងខេត្តតាកែវ មួយថ្ងៃៗរាប់ពាន់ក្បាលព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីជំនាញនិងសមត្ថកិច្ចតាមច្រកព្រំដែននិងច្រករបៀង។ ជុំវិញបញ្ហានេះ មន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្តតាកែវ មួយចំនួនបានបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់ លោក ថៃ លី មេពេទ្យសត្វខេត្តតាកែវ និងលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ ទេនោះគឺ គ្មានឈ្មួញណាអាចនាំចូលជ្រូកពីស្រុកយួនបានឡើយ។
ប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តតាកែវ បានឲ្យដឹងថា ករណីឈ្មួញនាំចូលជ្រូកពីស្រុកយួនតាមច្រកព្រំដែន និងច្រករបៀងជាច្រើនកន្លែងក្នុងខេត្តតាកែវ យ៉ាងពេញបន្ទុក គឺមន្ត្រីពេទ្យសត្វខេត្តតាកែវ ក្រោមការគ្រប់គ្រងរបស់លោក ថៃ លី មិនបានត្រួតពិនិត្យសុខភាពជ្រូកឲ្យបានត្រឹមត្រូវមុនពេលអនុញ្ញាតឲ្យឈ្មួញនាំចូលនោះទេ។ ផ្ទុយទៅវិញឲ្យតែឈ្មួញបង់លុយតាមការកំណត់របស់មន្ត្រីពេទ្យសត្វក្រោមការគ្រប់គ្រងរបស់លោក ថៃ លី និងបង់លុយតាមការកំណត់របស់សមត្ថកិច្ចតាមច្រកព្រំដែន ច្រករបៀង គឺអាចនាំចូលជ្រូកពីស្រុកយួនយ៉ាងរលូនតែម្តង។ ចំណែកលោក អ៊ូច ភា អភិបាលខេត្តតាកែវ និងលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ សម្ងំស្ងាត់ឈឹងទុកឲ្យលោក ថៃ លី និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត។
សេចក្តីរាយការណ៍ពីប្រជានពលរដ្ឋរស់នៅតាមព្រំដែនខ្មែរ-យួន ក្នុងស្រុកគិរីវង់ និងស្រុកបុរីជលសា ខេត្តតាកែវ បានឲ្យដឹងថា រយៈពេលប្រមាណមួយសប្ដាហ៍កន្លងមកហើយដែលឈ្មួញទាំងខ្មែរទាំងយួន នាំចូលជ្រូកតាមច្រកព្រំដែនក៏ដូចជាច្រករបៀងក្នុងស្រុកគិរីវង់ និងស្រុកបុរីជលសា យ៉ាងពេញបន្ទុក។ បើតាមការបង្ហើបពីក្រុមឈ្មួញទាំងខ្មែរទាំងយួន បានឲ្យដឹងថា ពួកគេបង់លុយតាមការកំណត់របស់មន្ត្រីពេទ្យសត្វខេត្តតាកែវ ក្រោមការគ្រប់គ្រងរបស់លោក ថៃ លី ក៏ដូចជាបង់លុយតាមការកំណត់ឲ្យសមត្ថកិច្ចនៅច្រកព្រំដែននិងច្រករបៀង ទើបអាចចៀសផុតពីការបង្រ្កាប។ ប្រភពស្និទ្ធនឹងលោក ថៃ លី មេពេទ្យសត្វខេត្តតាកែវ បានឲ្យដឹងថា លោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ ជាអ្នកសម្រួលឲ្យលោក ថៃ លី និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍។ លើសនេះទៅទៀតលោក ថៃ លី អាងមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងកសិកម្មផងដែរ ទើបហ៊ានផ្គើននឹងបទបញ្ជារបស់ថ្នាក់ដឹកនាំក្រសួងកសិកម្មហើយឃុបឃិតឲ្យឈ្មួញនាំចូលជ្រូកតាមច្រកព្រំដែននិងច្រករបៀង ក្នុងខេត្តតាកែវ យ៉ាងគឃ្លើន៕