ភ្នំពេញ៖ប្រភពព័ត៌មានច្បាស់ការណ៍មួយ ទម្លាយអោយដឹងថា ហាងផឹកស៊ីទល់ៗភ្លឺ ហេបភី ណេស ដែលអាជ្ញាធរខណ្ឌដូនពេញ សម្រេចមិនបិទអាជីវកម្ម ទោះកើតមានករណីឃាតកម្មបាញ់សម្លាប់មនុស្ស នោះ គឺ មានការប្រើប្រាស់គ្រឿងញៀននិងថ្នាំគ្រវីក្បាល ផងដែរ ។
ហាងផឹកស៊ី ហេបភី ណេស ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវត្រសក់ផ្អែម ផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ គឺ ជាហាងផឹកស៊ីអាទិភាពមួយ ដែលអាចដំណើរការទល់ៗភ្លឺបាន ។
ប៉ុន្តែ បញ្ហានេះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ថ្លែងប្រាប់ថា ការបើកទល់ភ្លឺបែបនេះ មិនថ្វីទេ ប្រសិនបើ មិនប៉ះពាល់សន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ ។
ជុំវិញបញ្ហា មានការប្រើប្រាស់គ្រឿងញៀននិងថ្នាំគ្រវីក្បាល ក្នុងហាងផឹកស៊ី ហេបភី ណេស វិញ ត្រូវបានលោក សុខ ពេញវុធ អះអាងថា បើតាមមន្ត្រីមូលដ្ឋានប្រាប់មក គឺ គ្មានទេ ។ ប៉ុន្តែ ទោះបីយ៉ាងណា លោកនឹងបន្តតាមដាន ប្រសិនបើមានមែននោះ គឺ អាជ្ញាធរ នឹងសម្រេចបិទជាស្ថាពរតែម្តង ។
ប្រភពព័ត៌មានច្បាស់ការណ៍ដដែល អះអាងប្រាប់ថា ការប្រើប្រាស់គ្រឿងញៀននិងថ្នាំគ្រវីក្បាល នេះ គឺ ភ្ញៀវជាអ្នកយកចូលដោយខ្លួនឯង ដោយប្រើប្រាស់ក្នុងបន្ទប់ VIP ដែលម្ចាស់ហាងក៏បានដឹងដែរ តែបានធ្វើមិនដឹងមិនឮជុំវិញបញ្ហានេះ ៕ ចេស្ដា