ព័ត៌មានទាន់ហេតុការណ៍៖

ផលិតករភាពយន្តរឿង ដើម្បីកូន ថានឹងកាត់ប្រាក់ចំណេញ១០ភាគរយជួយមន្ទីរពេទ្យគន្ធបុប្ផា

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីបង្ហាញវត្តមានប្រគល់ថវិកាប្រមាណ៤លានរៀលជូនដល់មន្ទីរពេទ្យគន្ធបុប្ផានោះ ផលិតករភាពយន្តអប់រំមនោសញ្ចេតនាស៊ីជម្រៅ រឿង ដើម្បីកូន គឺលោក ហ៊ុយ យ៉ាឡេង បាន ប្រកាសថានឹងកាត់ប្រាក់ចំណេញមួយផ្នែកពីការចាក់បញ្ជាំងភាពយន្តជីវិតនេះ ជួយដល់កុមារ ដើម្បីជាកិច្ចតបស្នងទៅសង្គមវិញ ។

ថ្មីៗនេះភាពយន្តបែបអប់រំ កម្សត់ និងការតស៊ូរឿង ដើម្បីកូន របស់ផលិតកម្ម កថាជ័យបានបញ្ចេញឈុតឆាកខ្លី(Trailer) កាលពីថ្មីៗនេះទទួលបានកោតសរសើរខ្លាំងពីទស្សនិកជន ។

ភាពយន្តនេះគ្រោងនឹងផ្ដើមចាក់បញ្ចាំងផ្លូវការនៅតាមរោងភាពយន្តទំនើបនានានៅភ្នំពេញ និងបណ្ដាខេត្តចាប់ពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០នេះតទៅ ។ លោក ហ៊ុយ យ៉ាឡេង ចាងហ្វាយផលិតកម្មកថាជ័យ បានលើកឡើងថាទឹកប្រាក់៤លានរៀលនេះគឺគ្រាន់តែជាការរួមចំណែកដំបូងរបស់ខ្លួនតែប៉ុណ្ណោះ និងគ្រោងបរិច្ចាកប្រាក់ចំណេញ១០ភាគរយទៀតក្រោយបញ្ចាំងភាពយន្តមួយនេះចប់សប់គ្រប់ ។ លោកថាកន្លងលោកបានចំណាយពេលវេលានឹងវិស័យភាពយន្តប្រមាណ២ទសវត្សរ៍មកហើយ ផលិតករលោក ហ៊ុយ យ៉ាឡេង បានសម្រេចចិត្តផលិតភាពយន្តជីវិតខ្នាតធំរឿង ដើម្បីកូន ដើម្បីជាការរួមចំណែកជួយសង្គម ពិសេសកុមារកម្ពុជា ។ លោកថានេះគឺកិច្ចតបស្នងសង្គមដែលលោកអាចធ្វើបាន និងមិនមែនមានន័យថាគ្រាន់តែជាការអួត ឬផ្សព្វផ្សាយដើម្បីឱ្យទស្សនិកជនចូលទស្សនាភាពយន្តមួយនេះនោះទេ ។

លោកថាលោកមានគម្រោងនេះយូរមកហើយគ្រាន់តែមិនទាន់ដល់ពេលទើបតែពេលនេះប៉ុណ្ណោះដែលលោកសម្រេចចិត្តធ្វើ ។ ផលិតកររូបនលើកឡើងថា ភាពយន្តរឿង ដើម្បីកូន ជារឿងថ្មីបំផុតមួយរបស់ខ្លួន មិនធ្លាប់ផលិតពី មុន មក ព្រោះតែស្នាដៃនេះ គឺជារឿងពិតនៅក្នុងសង្គម ដែលនិយាយពីការតស៊ូលះបង់គ្រប់បែបយ៉ាងរបស់ឪពុកដើម្បីកូន ។ ក្នុងនេះដែរក្រៅតែពីសាច់រឿងបែបអប់រំ និងកម្សត់ ស្នាដៃនេះគឺផលិតឡើងដោយយកគុណភាពជាចម្បង ដោយមិនចាញ់ស្នាដៃមុនៗឡើង ។

លោកថាស្នាដៃនេះត្រូវបានសម្រិតសម្រាំងខ្លាំងទាំងបច្ចេកទេស និងសាច់រឿងបន្ទាប់ពីស្នាដៃរឿង ធ្មប់ និងរឿងកន្លងមករបស់លោកទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ។

លោកថាបើទោះមិនមែនជាស្នាដៃបែបជារឿងខ្មោច កំប្លែងដូចមុនដែលជាការពេញនិយមរបស់ទស្សនិកជនខ្មែរនាពេលបច្ចុប្បន្ន ក៏ប៉ុន្តែផលិតករ និងជាតួអង្គក្នុងរឿង ដើម្បីកូន លោក ហ៊ុយ យ៉ាឡេង បានបង្ហាញក្ដីរំពឹងទទួលការគាំទ្រពីទស្សនិកជន មិនចាញ់ស្នាដៃមុនៗនេះ ។ ជាងនេះទៀតសោធន៍លោកជឿជាក់ថារឿងនេះនឹងអាចកែប្រែអារម្មណ៍ទស្សនិកជនពីការចូលចិត្តទស្សនារឿងបែបកំប្លែង និងខ្មោច ងាកមកចាប់អារម្មណ៍រឿងបែបអប់រំវិញម្ដង៕ វឌ្ឍនា


ចែករំលែក៖