ទោះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន មានទំនាក់ទំនងល្អប្រសើរ នឹងគ្នាក្តី តែមិនទាន់គ្រប់គ្រាន់ដើម្បី ជំរុញកិច្ចពិភាក្សា ស្តីពីកម្មវិធីបរមាណូ កូរ៉េខាងជើង នោះ ទេ ដោយសារតែអាមេរិក បានធ្វើឲ្យកូរ៉េខាងជើង បាត់បង់ទំនុកចិត្ត។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ប្រសិនបើអាមេរិកព្រមពិភាក្សា នៅចុងឆ្នាំ២០១៩ តាមសំណើរបស់កូរ៉េខាងជើង នោះស្ថានភាពទំនាក់ទំនងប្រទេសទាំងពីរ នឹងល្អប្រសើរយ៉ាងខ្លាំង ។
នៅពេលនេះរដ្ឋបាលលោកដូណាល់ ត្រាំ ទាក់ទងទៅកូរ៉េខាងជើង ដើម្បីភ្ជាប់កិច្ចពិភាក្សាឡើងវិញ។ សហរដ្ឋអាមេរិកមានបំណងចង់បន្តកិច្ចពិភាក្សាអំពីបញ្ហារំសាយអាវុធនុយក្លេអ៊ែរឡើងវិញ ។
ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Robert O’ Brien បានថ្លែងប្រាប់ប្រភព Axiosផ្សាយថា «យើងបានទាក់ទងទៅកូរ៉េខាងជើង និងដើម្បីឲ្យពួកគេដឹងថា យើងអាចបន្តកិច្ចពិភាក្សាគ្នានៅទីក្រុង Stockholm ជាទីកន្លែងដែលចរចាចុងក្រោយបានធ្វើឡើងកាលពីដើមខែតុលា ឆ្នាំ២០១៩កន្លងទៅនោះ»។
លោកទីប្រឹក្សាសន្តិសុខជាតិអាមេរិក O’Brien ក៏បានសម្តែងអំពីសុទិដ្ឋិនិយមចំពោះធាតុពិតដែលថា ទីក្រុងព្យុងយ៉ាងមិនបានប្រគល់ជូនអំណោយបុណ្យគ្រីស្ទមាស់ គឺការបាញ់សាកល្បងមីស៊ីល ដូចអ្វីដែលមេដឹកនាំគីម ជុងអ៊ុនបានសន្យាផ្តល់ជូនចំពោះសហរដ្ឋអាមេរិក ។
លោក O’Brien បានថ្លែងថា «លោក គីម បានសន្យាផ្ញើកាដូគ្រីស្ទមាសមួយ ។ លោកប្រធានាធិបតីគិតថា គាត់(គីមជុងអ៊ុន)ផ្ញើថូមួយឲ្យគាត់។ យើងមិនបានទទួលថូមួយ ឬកាដូគ្រីស្ទមាស់ណាមួយទេ ។ នេះហាក់ដូចជាជំហរវិជ្ជមានមួយ» ៕