ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីរ៉ង់ប្រឈមវិបត្តិផ្ទៃក្នុងក្រោយការបាញ់ច្រឡំយន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន 

ចែករំលែក៖

សហគមន៍អន្តរជាតិ បានថ្កោលទោសយ៉ាងខ្លាំង ដល់អ៊ីរ៉ង់ដែលបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន ។ មិនត្រឹមតែសហគមន៍អន្តរជាតិ​ ពលរដ្ឋអ៊ីរ៉ង់ អារម្មណ៍​ ខឹង​សម្បារ និង​ខក​ចិត្ត បាន​ផុស​ឡើង​នៅ​អ៊ីរ៉ង់ នៅ​ពេល​បាន​ឮអាជ្ញាធរ​​ប្រកាសថា​ យន្តហោះ​អ៊ុយក្រែន​ធ្លាក់​ដោយ​សារ​គ្រាប់​មីស៊ីល​ដែល​យោធា​បាញ់​ច្រឡំ។ ការ​​​ប្រមូល​ផ្តុំ​ ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ ​របស់​ក្រុម​​សិស្សនិស្សិត​អ៊ីរ៉ង់ ក៏​បាន​ក្លាយ​ជា​ចលនា​បាតុកម្ម តាម​ដង​ផ្លូវ។ ប្រធានាធិបតី​អាមេរិក​បាន​ព្រមាន​​រដ្ឋាភិបាល​អ៊ីរ៉ង់​ភ្លាម​ ថា​អាមេរិក​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​បង្ក្រាប​សម្លាប់​រង្គាលមួយ​ទៀត​លើ​​បាតុករបាន​ឡើយ។
រដ្ឋាភិបាល​អ៊ីរ៉ង់​រង​សម្ពាធ​ខ្លាំង​បំផុត និង​មក​ពី​គ្រប់ទិសទី ! លោក​ ដូណាល់ ត្រាំ បាន​ព្រមាន​នៅ​ល្ងាច​មិញ ថា​មិនអាច​មាន​ការ​សម្លាប់​រង្គាល​មួយ​ទៀត នៅ​អ៊ីរ៉ង់​ លើ​ក្រុម​បាតុករ​សន្តិនិយម​បាន​ឡើយ​ ហើយ​មិន​ត្រូវ​មាន​ការ​កាត់​ផ្តាច់​អ៊ីនធ័រនែត​ទៀត​ ដូច​អ្វី​ដែលធ្លាប់​កើត​ឡើង​ម្តង​ កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩បាន​ដែរ។ ពិភពលោក​កំពុង​ផ្តោត​ចក្ខុ​លើ​អ៊ីរ៉ង់ ! នេះ​ជា​ការ​សារទ្វីត​របស់​លោក​ប្រធានាធិបតី​អាមេរិក។
នៅ​ល្ងាច​ថ្ងៃសៅរ៍​ទី ១១​មករា​ សិស្សនិស្សិត​អ៊ីរ៉ង់​​ជា​ច្រើន​សិប​រយ​នាក់ បាន​មក​ជួប​ជុំ​គ្នា​រៀប​ចំ​ពិធី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ១៧៦​នាក់​​​ ស្លាប់​ក្នុង​គ្រោះ​ធ្លាក់​យន្តហោះ​ដែល​យោធា​អ៊ីរ៉ង់​បាញ់​ច្រលំ កាលពី​ថ្ងៃ​ពុធ។ ការ​ប្រមូល​ផ្តុំ​ នៅ​សកលវិទ្យាល័យដ៏​ល្បី​ល្បាញ ប្រចាំ​ក្រុង​តេហេរ៉ង់ បាន​ប្រែក្លាយ​យ៉ាង​ឆាប់​រហ័ស​ទៅ​ជា​ចលនា​បាតុកម្ម​ចង​កំហឹង។
ក្រោយការបាញ់ប្រហារច្រឡំទៅលើ​យន្តហោះដឹកអ្នកដំណើរ​របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែ​ន​​​ ពលរដ្ឋអ៊ីរ៉ង់​បាននាំគ្នាដង្ហែក្បួនបាតុកម្ម នៅទីក្រុងធំៗ ទូទាំងប្រទេសអ៊ីរ៉ង់ ។ កម្លាំងប្រឆាំងបាតុកម្មអ៊ីរ៉ង់បានប្រើប្រាស់ ឧស្ម័នបង្ហូរទឹកភ្នែក​ដើម្បីបំបែកហ្វូងបាតុករ។ នៅពេលនោះដែរអាមេរិក​បានព្រមាន​អ៊ីរ៉ង់​មិនត្រូវ បាញ់ប្រហារទៅលើហ្វូងបាតុករនោះឡើយ ។
ក្រុមបាតុករអ៊ីរ៉ង់បង្ហាញការខឹងសម្បាយ៉ាងខ្លាំង ទៅលើថ្នាក់ដឹកនាំ និងកម្លាំងយោធាប្រទេសដែល ដែលបានបាញ់ច្រឡំទៅលើយន្តហោះដឹកអ្នកដំណើរ របស់អ៊ុយក្រែនសម្លាប់មនុស្ស​១៧៦នាក់ ក្នុងនោះមានជនជាតិអ៊ីរ៉ង់ដល់ទៅ​៨២នាក់​។
សារព័ត៌មាន​ Etemad របស់អ៊ីរ៉ង់​បានស្រង់សម្តីក្រុមបាតុករ បញ្ជាក់ថា​«សុំទោសពលរដ្ឋហើយលាលែងពីតំណែង»។ ពលរដ្ឋអ៊ីរ៉ង់​បានស្នើដល់អ្នកទទួលខុសត្រូវ ចំពោះការបាញ់ប្រឡំ​ យន្តហោះដឹកអ្នកដំណើរត្រូវលាលែងចេញពីតំណែង​។​ បាតុកម្មកើនឡើងក្រោយពេលដែល រដ្ឋាភិបាល​អ៊ីរ៉ង់​បានប្រកាសទទួលស្គល់ថា ពិតជាកម្លាំងទាហានអ៊ីរ៉ង់​បាញ់ច្រឡំម៉ែន។ សកម្មភាពខាងលើ បានធ្វើឲ្យពលរដ្ឋអ៊ីរ៉ង់បាត់បង់ទំនុកចិត្តទៅលើ​ថ្នាក់ដឹកនាំ ។
កាលពីខែវិច្ឆិកាឆ្នាំ​២០១៩ ក៏មានបាតុកម្មទ្រង់ទ្រាយធំនៅអ៊ីរ៉ង់​ ប្រែក្លាយទៅជាអំពើហិង្សា បណ្តាលឲ្យបាតុករជាច្រើនស្លាប់​។ នៅពេលនេះបាតុកម្មក៏បានផ្ទុះឡើងនៅទីក្រុងធំៗជាច្រើនដូចជា Shirraz, Isfahan, Hamedan ,Orumiye និងតេអ៊ីរ៉ង់​ផងដែរ ។ប្រធានាធិបតីដូណាលត្រាំ បាន​ប្រកាសនៅលើបណ្តាញសង្គម​ថា អាមេរិក តាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើការធ្វើបាតុកម្មនៅអ៊ីរ៉ង់​។ ជាមួយគ្នានេះលោកក៏បានព្រមានដល់រដ្ឋាភិបាល មិនត្រូវប្រើហិង្សាលើបាតុកម្មនោះឡើយ​។
យន្តហោះ Boeing 737-800 នៃក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន ដែលមានគោលដៅហោះហើរពីទីក្រុងតេហេរ៉ង់ ទៅកាន់ទីក្រុងកៀវប្រទេសអ៊ុយក្រែន បានធ្លាក់នៅវេលាព្រឹកព្រហាមថ្ងៃពុធសប្ដាហ៍មុន ហើយវាមានផ្ទុកពលរដ្ឋអ៉ីរ៉ង់ ៨២នាក់, កាណាដា ៦៣នាក់, អ៊ុយក្រែន ១១នាក់, ស៊ុយអែត ១០នាក់, អាហ្វហ្គានីស្ថាន ០៤នាក់, អាល្លឺម៉ង់ ០៣នាក់, និងអង់គ្លេស ០៣នាក់។ គ្រោះថ្នាក់នេះបានកើតឡើងតែប៉ុន្មាន ម៉ោងប៉ុណ្ណោះ ក្រោយអ៉ីរ៉ង់បាញ់មីស៊ីល ១៦គ្រាប់លើមូលដ្ឋានទ័ពអាមេរិកចំនួនពីរកន្លែង នៅក្នុងប្រទេសអ៉ីរ៉ាក់ ជាការសងសឹកឱ្យលោកមេទ័ព សូឡៃមេនី (Soleimani) ដែលត្រូវបានអាមេរិកសម្លាប់ នៅទីក្រុងបាកដាដប្រទេសអ៉ីរ៉ាក់។
ភ្លាមៗនោះដែរ ក្រោយសោកនាដកម្មដ៏អាក្រក់នេះកើតឡើង អាជ្ញាធរអ៉ីរ៉ង់បានអះអាងថា យន្ដហោះនេះធ្លាក់ដោយសារតែបញ្ហាបច្ចេកទេស ក្រោយហោះឡើងបានបន្តិច ចេញពីអាកាសយានដ្ឋានទីក្រុងតេហេរ៉ង់។ ប៉ុន្តែក្រោយមកទៀតរដ្ឋាភិបាលអ៉ីរ៉ង់ បានទទួលស្គាល់ថា ខ្លួនជាអ្នកបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរអ៊ុយក្រែន ដោយអចេតនា ជាហេតុបង្កឱ្យមានការថ្កោលទោស យ៉ាងខ្លាំងពីសំណាក់អន្តរជាតិ រីឯបាតុកម្មតវ៉ានៅក្នុងប្រទេសក៏បានផ្ទុះឡើងទៅទៀត ដើម្បីសម្ដែងការខឹងសម្បារចំពោះការកុហកនេះ។
ជាក់ស្ដែងនៅក្នុងវីដេអូបង្ហោះលើ Twitter បាតុករមួយក្រុម បានស្រែកទាមទារឱ្យមេដឹកនាំកំពូលអ៉ីរ៉ង់ លោក អាយ៉ាតូលឡាហ៍ អាលី ខាមេណៃ (Ayatollah Ali Khamenei) និងខ្លះទៀតស្រែកជេរប្រទេចរដ្ឋាភិបាលតែម្ដងថា «ពួកគេ (រដ្ឋាភិបាលអ៉ីរ៉ង់) បានកុហុកថា សត្រូវរបស់យើងគឺជាអាមេរិក ប៉ុន្តែតាមការពិតសត្រូវរបស់ពួកយើង គឺកំពុងតែនៅចំពោះមុខយើងសោះ»៕

ចែករំលែក៖