ខេត្តកណ្ដាល៖ ជនត្រូវចោទម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យអនុវត្តដីកាក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាខ្មៅ ចាប់ខ្លួនដោយអនុវត្ដតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្ដកណ្ដាល ។ ប្រតិបត្ដិការចាប់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង១៣និង១០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចតាមផ្លូវ ស្ថិតក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ អឿន ស៊ីម៉េង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៦៦២ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ចុះហត្ថលេខាដោយលោក ទី សំណាង ចៅក្រមស៊ើបសួរ នៃសាលាតំបូងខេត្តកណ្តាល ដោយចោទប្រកាន់ពីបទ ប្លន់ និងសមគំនិត ដែលប្រព្រឹត្ដិកាលពីថ្ងៃ២២ ខែវិច្ឆិកា ឆ្នាំ២០១០ ត្រង់ចំណុចភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
បច្ចុប្បន្ន ជនត្រូវចោទខាងលើនេះ ត្រូវបានកម្លាំងនគរបាលជំនាញ បញ្ជូនទៅការិយាល័យអនុវត្តដីកា នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ