ប្រភពពីពលរដ្ឋដែលរស់នៅជាប់ផ្លូវប្រឡាយ០១ស្រុកបូរីជលសារ បាននិយាយថា ក្រៅពីដឹកជញ្ជូនតាមផ្លូវគោកមានការចល័តសត្វជ្រូករស់ចេញចូលពីខេត្តតាកែវ ប្រទេសកម្ពុជា ទៅខេត្តជាប់ព្រំដែននៃប្រទេសវៀតណាម ខណៈកំពុងមានហាងឆេងខ្ពស់នៅក្នុងរដូវចូលឆ្នាំចិនឆ្នាំថ្មី២០២០ខាងមុខនេះ ។
ប៉ុន្មានថ្ងៃមកនេះគេឃើញរថយន្តយីឌុបធំៗដឹកសត្វជ្រូក ប្រមាណជា៧០ក្បាលទៅជិត១០០ក្បាល មានសម្បុរធម្មតាជាសត្វជ្រូកចុះតាមផ្លូវទឹកដាក់ទូក ដឹកចុះទៅក្រោម ដោយមិនមានត្រួតពិនិត្យសួរនាំ ពីអាជ្ញាធរឬមន្ត្រីជំនាញណាឡើយ ។ ក្រៅពីមានការដឹកសត្វជ្រូកចុះទៅប្រទេសវៀតណាមនេះ គេឃើញ មានសត្វជ្រូកដដឹកតាមរថយន្តធំៗឡើងមកវិញ មានសម្បុរក្រហមប្លែកខុសពីសត្វជ្រូកដែលដឹកចុះទៅ ធ្វើឲ្យគេកាន់តែមានការព្រួយបារម្ភ ជាខ្លាំងចំពោះកត្តាសុខភាពរបស់អ្នកបរិភោគ ដែលមិនបានឃើញផ្ទាល់ភ្នែកដូចពួកគាត់ ។
ចំណែកមន្ត្រីជំនាញថា ជ្រូកនាំចុះទៅវៀតណាមមិនមានផលប៉ះពាល់អ្វីទេ តែប្រជាពលរដ្ឋរស់នៅស្រុកបូរីជលសារ នៅតែមានការព្រួយបារម្ភខ្លាំងក្រោយឃើញជ្រូកសម្បុរខុសប្លែកពីធម្មតា រាងក្រហមឡើងតាមផ្លូវទឹកដឹកតាមរថយន្ត មកក្នុងស្រុកខ្មែរវិញ ដោយគ្មានមន្ត្រីជំនាញឬអាជ្ញាធរណាត្រួតពិនិត្យនិងបង្ក្រាបឡើយ ។
ពលរដ្ឋជាច្រើនបាននិយាយថា នេះប្រហែលជាឆ្នាំងបាយនៃការរកស៊ីរបស់ឈ្មួញធំៗ ពីររូបដែលគេដឹងថា មានទីតាំងនៅថ្មសមួយ និងនៅក្បែរផ្សារល្វេមួយ ជាមួយនឹងថ្នាក់ដឹកនាំក្នុងខេត្តហើយមើលទៅ ព្រោះមើលឃើញថា ជាឱកាសចំណេញលើគោក ខណៈដែលតម្រូវការសាច់សត្វជ្រូកកើនឡើងខ្ពស់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមខាងមុខនេះ ។
លោក ថៃ លី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តតាកែវ បានឲ្យដឹង ថា ជ្រូកដែលដឹកចុះទៅលក់នៅវៀតណាម ជាជ្រូករបស់ក្រុមហ៊ុនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយ ចំពោះសត្វជ្រូកដែលដឹកឡើងមកវិញនោះ ជាជ្រូកមិនត្រូវប៉ាន់និងមិនគ្រប់ទម្ងន់ និងមិនត្រូវប៉ាន់របស់វៀតណាមទើបគេមិនទទួលយក ។
ក្រោយពី លោក ថៃ លី ឆ្លើយថា ជ្រូកមិនត្រូវប៉ាន់ មិនគ្រប់គីឡូ ម៉ូយមិនទទួលទិញដូចនេះធ្វើឲ្យគេមានចម្ងល់ថា ម៉េចក៏សត្វជ្រូកចុះទៅវៀតណាមនិងឡើងមកកម្ពុជាវិញ មានចំនួនប្រហាក់ប្រហែលគ្នាទៅវិញ ពោលបានន័យថាទៅក៏ប៉ុណ្ណឹង ឡើងមកក៏ប៉ុណ្ណឹង) ពិសេសសត្វជ្រូកដែលឡើងមកវិញមានសម្បុរក្រហម ដែលសង្ស័យថា ជាជ្រូកឈឺគួរឲ្យព្រួយបារម្ភនោះ ? ឬមួយចេះថ្ពិនភ្នែកទេដឹង លោល ថៃ លី ? ៕