ព័ត៌មានទាន់ហេតុការណ៍៖

ថ្លើមធំណាស់ យុវជន២នាក់ហ៊ានទះក្បាលសមត្ថកិច្ច ត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនយុវជនម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ខណៈដែលពួកគេបាលធ្វើសកម្មភាពវាយក្បាលមន្រ្តីនគរបាលខណ្ឌ២នាក់ កំពុងតែដើរតាមផ្លូវ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចាប់ខ្លួនយុវជនម្នាក់ក្នុងចំណោម២នាក់នោះយកមកសាកសួរ ។ ចំណែកយុវជនជាជនបង្កបានរត់គេចខ្លួនបាត់ ។

ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យុវជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ជឿន ចន្ថា ភេទប្រុសអាយុ ១៨ឆ្នាំ មុខរបរ កម្មករលើកអីវ៉ាន់ ស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើត ឈូកសឃុំ ត្រពាំងប្រាសាទ ស្រុកត្រពាំងប្រសាទ ខេត្តឧត្ដរមានជ័យ (ជាអ្នកដើរជាមួយជនបង្ក) ។ ចំណែកជនបង្កដែលរត់គេចខ្លួនបាត់ឈ្មោះឆៃ អាយុប្រហែល១៩ឆ្នាំ ។

តាមចម្លើយសារភាពយុវជនដែលសមត្ថកិច្ចចាប់ខ្លួននោះ ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ រូបគេបានដើរមកពីផ្ទះបងជាមួយក្រុមការងារជាមួយគ្នា ដោយមានជនបង្កដើរមកជាមួយផងដែរ ប៉ុន្តែមិនបានដឹងថា ជនបង្កដើរមកជាមួយនោះមានលាក់កាំបិតបុ័ងតោនោះឡើយ ។

ប្រភពដដែលបានបន្តថា លុះដើរមកដល់ចំណុចកើតហេតុខាងលើ ក៏មានសមត្ថកិច្ចនគរបាល២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៥ ដោយពាក់មួកសុវត្ថិភាពទាំង២នាក់ និងមានពាក់អាវពណ៌សពីខាងក្រៅ ។ ពេលនោះរូបគេនិងជនបង្កដើរឆ្លងផ្លូវ បន្ទាប់មកជនបង្កបានធ្វើសកម្មភាពទះក្បាលសមត្ថកិច្ចចំមួកសុវត្ថិភាពត្រូវមួយដៃ ហើយជនរងគ្រោះជានគរបាលខាងលើចុះពីលើម៉ូតូបានចាប់ទះ២ទៅ៣ដៃវិញ ពេលនោះជនបង្កបានរត់គេចខ្លួនបាត់ នៅសល់រូបគេដែលជាអ្នកដើរជាមួយ ក៏ត្រូវសមត្ថកិច្ចឃាត់យកមកសួរនាំភ្លាមៗនៅប៉ុស្តិ៍នគរបាលចោមចៅ៣តែម្តង ។

ក្រោយកើតហេតុយោងតាមការឆ្លើយរបស់យុវជនរូបនោះ រួចនគរបាលដែលជាជនរងគ្រោះទាំង២នាក់ខាងលើ ក៏មិនប្តឹងផ្តល់អ្វីទាំងអស់ គ្រាន់តែឲ្យសុំទោស និងធ្វើកិច្ចសន្យាណែនាំ ហៅអាណាព្យាបាលមកធានាយកត្រឡប់ទៅផ្ទះវិញ ៕ សុខា សែនជ័យ


ចែករំលែក៖