ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមករា នេះ តុលាការបានបន្តសវនាការសំណុំរឿង លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ឈានចូលថ្ងៃទី២ ហើយ ។ ទន្ទឹមនេះ កងកម្លាំងចម្រុះ ក៏បានដាក់ពង្រាយជាធម្មតា ដូច សវនាការថ្ងៃទី១ ផងដែរ ។
បាតុភាពទូទៅថ្ងៃទី១ នៃសវនាការរឿងក្តីនេះ ឃើញថា មិនមានបញ្ហាអ្វីគួរអោយកត់សម្គាល់នោះទេ ពោលគឺ ដំណើរការនីតិវិធី ដើរដោយរលូន គ្មានការរារាំង ឬ រាំងស្ទះអ្វីនោះទេ ។
ក្រឡេកមើលក្រុមអ្នកសារព័ត៌មាន វិញ អ្នកដែលបានចុះឈ្មោះមុន គឺ បានចូលស្តាប់ក្នុងបន្ទប់សវនាការដោយផ្ទាល់ ។ ចំណែក អ្នកមិនបានចុះឈ្មោះ គឺ បានត្រៀមឈរនៅបរិវេណ ម្ខាងទៀត ខាងមុខតុលាការ ដើម្បីរង់ចាំយកព័ត៌មាន ។
លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ សន្និដ្ឋិភាពជាមួយបរទេស ឬ ហៅថា ទោសក្បត់ជាតិ ឃុបឃិតគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ។
ទោះបីយ៉ាងណា ជុំវិញការចោទប្រកាន់នេះ លោក កឹម សុខា បានឆ្លើយបដិសេធ យ៉ាងដាច់អហង្ការ ថា លោកមិនប្រព្រឹត្តដូចការចោទប្រកាន់ទេ ដោយសុំអោយតុលាការទម្លាក់បទចោទប្រកាន់នេះចោលវិញជាស្ថាពរ ។
សវនាការរឿងក្តីដ៏ក្តៅគគុកនេះ នឹងអាចពន្យាពេលជាច្រើនថ្ងៃបន្តទៀត ដោយសារតែមានអ្នកពាក់ព័ន្ធជាច្រើន ដែលនឹងត្រូវផ្តល់សក្ខីកម្មជូនដល់តុលាការ ៕ ចេស្តា