ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មេពេទ្យសត្វខេត្តតាកែវ ឃុបឃិតឲ្យឈ្មួញនាំចូលជ្រូកពីវៀតណាមយ៉ាងពេញបន្ទុក

ចែករំលែក៖

ប្រភពពីប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនខ្មែរ-វៀតណាមក្នុងស្រុកបុរីជលសា និងស្រុកគិរីវង់ ខេក្តតាកែវ បានឲ្យដឹងថា លោក ថៃ លី ឃុបឃិតឲ្យឈ្មួញនាំចូលជ្រូកពីវៀតណាមយ៉ាងពេញបន្ទុកដោយមិនខ្វល់ពីការអនុវត្តតាមសេចក្តីណែនាំរបស់លោក វេង សាខុន រដ្ឋមាន្ត្រីក្រសួងកសិកម្មនោះទេ ។ បើតាមការអះអាងរបស់មន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តតាកែវ បានឲ្យដឹងថា ការដែល លោក ថៃ លី មេពេទ្យសត្វខេត្តតាកែវ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានឃុបឃិតបើកដៃពីសំណាក់លោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយជាយូរមកហើយផងដែរ ។ ចំណែកលោក អ៊ូច ភា អភិបាលខេត្តតាកែវ បែរជារក្សាភាពស្ងប់ស្ងាត់ក្នុង ខណៈដែល លោក ថៃ លី មេពេទ្យសត្វខេត្តតាកែវ និងសមត្ថកិច្ចតាមច្រកព្រំដែន និងច្រករបៀងឃុបឃិតឲ្យឈ្មួញនាំចូលជ្រូកក្រហម ជ្រូកឈឺពីវៀតណាមចូលទឹកដីខ្មែរ យ៉ាងពេញបន្ទុក ។

ថ្មីៗនេះតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅជាប់ផ្លូវប្រឡាយ០១ ស្រុកបុរីជលសា បានឲ្យដឹងថា រយៈពេលប្រមាណជាងមួយសប្តាហ៍មកហើយ ដែលឈ្មួញមួយចំនួនដឹកជញ្ជូនជ្រូករស់ពីស្រុកខ្មែរចូលទៅវៀតណាមយ៉ាងពេញបន្ទុកដោយសារមានការឃុបឃិតបើកដៃពីមន្ត្រីជំនាញនិងសមត្ថកិច្ចពុករលួយដែលគិតតែពីប្រមូលលុយយ៉ាងសុខស្រួល ។ ប្រភពបានឲ្យដឹងទៀតថា មានឈ្មួញមួយចំនួនទៀតធ្វើសកម្មភាពដឹកជញ្ជូនជ្រុកក្រហម ជ្រូកឈឺពីវៀតណាមចូលមកស្រុកខ្មែរវិញតាមផ្លូវប្រឡាយ០១ យ៉ាងរាលដាលទាំងថ្ងៃទាំងយប់ដោយគ្មានខ្លាចក្រែងអ្វីឡើយ ។ បើតាមការបង្ហើបពីក្រុមឈ្មួញដឹកជញ្ជូនជ្រូកពីស្រុកខ្មែរទៅវៀតណាមក៏ដូចជាក្រុមឈ្មួញដឹកជញ្ជូនជ្រូកពីវៀតណាមចូលស្រុកខ្មែរបានឲ្យដឹងថាពួកគេបង់លុយតាមការកំណត់របស់មន្ត្រីពេទ្យសត្វក្រោមការគ្រប់គ្រងរបស់លោក ថៃ លី និងតាមការកំណត់របស់សមត្ថកិច្ចពាក់ព័ន្ធទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន ។

ប្រភពស្និទ្ធនឹងលោក ថៃ លី មេពេទ្យសត្វខេត្តតាកែវ បានឲ្យដឹងថា តាមរយៈការឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនជ្រូកឈឺ ជ្រូកក្រហម ពីវៀតណាមចូលស្រុកខ្មែរយ៉ាងគគ្រឹកគគ្រេងមួយរយៈចុងក្រោយនេះគឺលោក ថៃ លី ក៏ដូចជាលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ ទទួលបានផលប្រយោជន៍យ៉ាងច្រើនក្នុងមួយថ្ងៃៗ ។ ជាក់ស្តែងនៅពេលដែលពិធីបុណ្យចូលឆ្នាំចិន-វៀតណាមជិតចូលមកដល់គឺឈ្មួញសម្រុកនាំចូលជ្រូកពីវៀតណាមយ៉ាងពេញបន្ទុកតាមច្រកព្រំដែនច្រករបៀងក្នុងស្រុកបុរីជលសា និងស្រុកគិរីវង់ ហើយលោក អ៊ូច ភា អភិបាលខេត្តតាកែវ សម្ងំស្ងៀមទុកឲ្យលោក ថៃ លី មេពេទ្យសត្វខេត្តតាកែវ និងសមត្ថកិច្ចតាមព្រំដែនធ្វើអ្វីៗតាមអំពើចិត្ត ។ សូម្បីតែថ្នាក់ដឹកនាំក្រសួងកសិកម្ម និងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងកសិកម្មក៏រក្សាភាពស្ងៀមស្ងាត់ផងដែរ ហើយបណ្តោយឲ្យលោក ថៃ លី មេពេទ្យសត្វខេត្តតាកែវ និងបក្ខពួកបង្កើនសកម្មភាពពុករលួយយ៉ាងគំហុក៕


ចែករំលែក៖