នៅថ្ងៃទី១៦ ខែមករា (ត្រូវនឹងថ្ងៃទី១៥ នៅអាមេរិក) ប្រធានាធិបតីដូណាល់ ត្រាំ និងលោក លីវ ហេ (Liu He) ឧបនាយករដ្ឋមន្ត្រីចិន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀង «ដំណាក់កាលទី១» ជាផ្លូវការហើយ ក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរលើពិភពលោក ដែលបានចាប់ផ្តើមកើតមានឡើងរយៈពេលជិត២ឆ្នាំកន្លងមកនេះ ។
ពិធីចុះហត្ថលេខានៅឯបន្ទប់ក្នុងសេតវិមាន សហរដ្ឋអាមេរិកនេះ លោកដូណាល់ ត្រាំ បានហៅថា ជាកិច្ចព្រមព្រៀងដ៏មានសារសំខាន់ ។ កិច្ចព្រមព្រៀងនេះ ក៏ជាទុនមួយយ៉ាងសំខាន់របស់លោកដូណាល់ ត្រាំ ខណៈកំពុងរងនូវការស៊ើបអង្កេតពីរដ្ឋសភាអាមេរិក ពាក់ព័ន្ធរឿងរ៉ាវមួយចំនួន ក្នុងនោះមានករណីបោះឆ្នោតកាលពីឆ្នាំ២០១៦ និងការប្រើអំណាចបង្ខំឲ្យអ៊ុយក្រែនស៊ើបអង្កេតលើគូប្រជែងតំណែងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ហើយក៏ជាទុនមួយសម្រាប់ការប្រកួតប្រជែងបោះឆ្នោតប្រធានាធិបតីរបស់គាត់នៅពេលខាងមុខនេះផងដែរ ។
ជម្លោះសង្រ្គាមពាណិជ្ជកម្ម ជាការទំនាស់ដែលប៉ះទង្គិចគ្នា ប្រមាណជា ២ឆ្នាំមកហើយ ។ តើការចុះកិច្ចព្រមពៀងពេលនេះ គឺមានន័យថា សង្រ្គាមពាណិជ្ជកម្ម បានចប់ហើយមែនទេ?
គេមិនអាចអះអាងដាច់ណាត់ថា សង្រ្គាមពាណិជ្ជកម្មរវាងមហាយក្សអាមេរិកនិងចិន ចប់នៅពេលនេះ នោះទេ ។ ព្រោះអ្វី? គឺថា ស្ថានការណ៍អាចប្រែប្រួលគ្រប់ពេល ។ ហើយម្យ៉ាងទៀត គឺគួរតែបញ្ជាក់ឱ្យច្បាស់ថា កិច្ចព្រមព្រៀងថ្មីស្តីពាណិជ្ជកម្ម ដែលចុះនៅក្រុងវ៉ាស៊ីនតោន ថ្ងៃពុធ ទី១៥មករា គឺគ្រាន់តែដំណាក់កាលជំហានទី១ តែប៉ុណ្ណោះ ។ ទោះយ៉ាងណាក្តី គេក៏អាចនិយាយបានថា ស្ថានការណ៍តានតឹង តឹងសរសៃកដាក់គ្នា ឈ្លោះគ្នាប្រមាណជា២០ខែមកនេះ ចាប់ពីដើមឆ្នាំ២០១៨មក គឺហាក់បានធូរស្រាលមកវិញ ហើយអាចនឹងឈានទៅរកសភាពប្រសើរ បានមួយកម្រិតដែរ ។
កិច្ចព្រមព្រៀងថ្មីជំហានទី១នេះ គឺមិនទាន់ត្រូវបានទម្លាយឱ្យដឹងសេចក្តីន័យខ្លឹមសារច្រើននោះទេ ។ តែតាមការប្រកាសត្រួសៗពីលោក ដូណាល់ ត្រាំ និងមន្ត្រីរបស់គាត់ ព្រមទាំងពីកាសែតរដ្ឋចិន គឺយើងបានដឹងខ្លះៗ ។ ពីខាងអាមេរិក រដ្ឋមន្ត្រីរតនាជាតិអាមេរិក ប្រកាសថា ភាគីចិនសន្យានឹងបង្កើនការទិញទំនិញអាមេរិក ក្នុងតម្លៃទឹកប្រាក់ ២០០ពាន់លានដុល្លារ បន្ថែម ដោយធៀបនឹងការទិញឆ្នាំ២០១៧ ។ ទឹកប្រាក់នេះ ទាំងលោក ដូណាល់ ត្រាំ និងទាំងមន្ត្រីខាងហិរញ្ញវត្ថុ អបអរទះដៃសរសើរនិងសរសេរ ព្រមៗគ្នាថា «ជាចំនួនទឹកប្រាក់មួយយ៉ាងច្រើនសម្បើម ជាជ័យជម្នះមួយយ៉ាងអស្ចារ្យ ហើយជាជំហានយក្ស សម្រាប់អាមេរិក និងក្រុមហ៊ុនសហគ្រាស ពិសេសសហគ្រាសខាងកសិកម្ម» ។
ជាថ្នូរមកវិញ ភាគីរដ្ឋបាលអាមេរិក ត្រូវឈប់ដំឡើងពន្ធគយបន្ថែមទៀតឱ្យសោះ ចំពោះទំនិញចិន ហើយមិនតែប៉ុណ្ណោះ ត្រូវបញ្ចុះពន្ធពាក់កណ្តាល ចំពោះវិធានការពន្ធគយ ដែលអាមេរិកបានដាក់កាលពីខែកញ្ញាឆ្នាំ២០១៩ គឺបញ្ចុះពាក់កណ្តាលចំពោះទំនិញចិនដែលមានក្នុងរង្វង់តម្លៃទឹកប្រាក់ ១២០ពាន់លានដុល្លារ ។
ក្នុងរឿងចរចាពាណិជ្ជកម្មដូច្នេះ បើមិនចំណេញ ទំនងភាគីទាំងពីរមិនព្រមធ្វើនោះទេ ។ ចំពោះខាងអាមេរិករបស់លោក ដូណាល់ ត្រាំ ដែលជាអ្នកជំនួញស្រាប់ រឿងចំណេញលុយកាក់ជារឿងធំដុំ ។ តែលើសពីនេះ គឺចំណេញនយោបាយ ។
បើតាមអ្នកវិភាគ, ខណៈពេលដែលលោកកំពុងតែត្រូវស្រអាប់មុខមាត់ ដោយសារតែនីតិវិធីទម្លាក់ប្រធានាធិបតីចុះពីតំណែង ដែលនេះ បទចោទប្រកាន់ផ្លូវការ បានដៅដល់ដៃព្រឹទ្ធសភាអាមេរិកទៅហើយ នៅថ្ងៃពុធ ទី១៥មករា គឺ លោក ដូណាល់ ត្រាំ ចង់លើកមុខ ស្តារបង្កើនប្រជាប្រិយភាពរបស់ខ្លួនឡើងវិញ សម្រាប់អាចឈ្នះការបោះឆ្នោតជាថ្មី នៅអាណត្តិទី២ ដែលការបោះឆ្នោតប្រធានធិបតី នឹងចាប់ផ្តើមនៅដើមខែវិច្ឆិកាខាងមុខនេះ ។
ការចំណេញចំពោះអាមេរិកដដែល គឺតាមការសន្យារបស់លោក ដូណាល់ ត្រាំ ក្នុងការសើរើរឿងពាណិជ្ជកម្ម! បើលោកបានសម្រេចចុះកិច្ចព្រមព្រៀងថ្មី ដែលគេមើលទៅ អាចនាំប្រយោជន៍ដល់សេដ្ឋកិច្ចនិងកសិកម្មអាមេរិកនោះ គឺច្បាស់ជាបំពេញចិត្តអ្នកបោះឆ្នោតអាមេរិក ក្នុងចំនួនណាមួយជាមិនខាន ។ ហើយក៏បង្ហាញដែរថា លោកត្រាំ បានគោរពពាក្យសន្យារបស់លោក ក្នុងការលើកកម្ពស់វិស័យកសិកម្ម ។
ត្រង់នេះ គេក៏គួរបញ្ជាក់ដែរ ថាក្នុងជម្លោះពាណិជ្ជកម្ម ប្រមាណ២ឆ្នាំមកនេះ អាមេរិក ខាតបង់ថ្លៃមិនស្ទើរដែរ ទៅលើផ្នែកនាំទំនិញកសិកម្មចូលស្រុកចិន ។ ឧទាហរណ៍ នៅមុនឆ្នាំ២០១៨ អាមេរិកនាំសណ្តែកចូលស្រុកចិន មានតម្លៃទឹកប្រាក់ស្មើ១២,៣ពាន់លានដុល្លារអាមេរិក ។ ក៏ប៉ុន្តែ ចាប់ពីផ្ទុះជម្លោះពាណិជ្ជកម្មមក ការនាំសណ្តែកអាមេរិកទៅលក់នៅចិន គឺធ្លាក់ចុះយ៉ាងគំហុក មកបានត្រឹមតែ៣,១ពាន់លានដុល្លារ តែប៉ុណ្ណោះ គឺធ្លាក់ចុះជិត៤ដងឯណោះ ។ នេះក៏ព្រោះតែការវាយបកសងសឹកពីប៉េកាំង ដែលចិនដាក់កម្រិតទណ្ឌកម្មចំពោះពន្ធនាំចូលទំនិញអាមេរិក ។
ដូច្នេះ នៅថ្ងៃទី១៥មករា ក្រោយពេលសម្រេចថាចុះកិច្ចព្រមព្រៀងជំហានទី១ លោក ដូណាល់ ត្រាំ ប្រកាសឱ្យកសិករទិញត្រាក់ទ័រថ្មីបន្ថែម ដើម្បីបង្កើនផលិតកម្មកសិកម្មរបស់ខ្លួន ។
ពីភាគីចិនវិញ រដ្ឋាភិបាលចិន បានទទួលស្គាល់ថា កំណើនសេដ្ឋកិច្ច មានភាពយឺតយ៉ាវ ជាងការគិតទុកពីមុនទៅទៀត ។ ផលិតផលឧស្សាហកម្ម សកម្មភាពលក់រាយ បានបន្ថយល្បឿន ចំណែកសកម្មភាពវិនិយោគវិញ បានធ្លាក់ចុះទាបក្នុងកម្រិតដ៏ខ្លាំងបំផុតមិនធ្លាប់មានឡើយ ក្នុងអំឡុងពេល២ទសវត្សរ៍កន្លងមកនេះ ។ ហើយចិន ធ្លាក់ពីប្រទេសដែលនាំទំនិញកសិកម្មទៅអាមេរិក លំដាប់ទី២ ធ្លាក់មកនៅលេខរៀងទី៥វិញ ។ ហេតុនេះ ការចុះកិច្ចព្រមព្រៀងថ្មី ស្តីពីពាណិជ្ជកម្ម ជាមួយអាមេរិក, ចិនរំពឹងថានឹងជួយស្រោចស្រងការខាតបង់មកវិញ ជាក់ជាមិនខាន ។
ជាប្រយោជន៍ដល់ចិនដែរ គឺអាមេរិកសម្រេចដកចិនចេញពីបញ្ជីខ្មៅ នៃប្រទេសដែលបង្វិលកែប្រែអត្រាប្តូរប្រាក់ បញ្ជុះដំឡើង តាមទំនើងចិត្តនឹកឃើញរបស់ខ្លួន ។ ( Les pays manipulateurs des monnaies, ប្រទេសដែលអនុវត្តមិនយុត្តិធម៌ លើនយោបាយរូបិយប័ណ្ណ ឬឧបាយកលនយោបាយរូបិយបណ្ណ)៕