ព័ត៌មានទាន់ហេតុការណ៍៖

ជម្លោះពាណិជ្ជកម្ម​​ អាមេរិក-ចិន នឹងល្អប្រសើរ​ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១​

ចែករំលែក៖

នៅថ្ងៃទី​១៦ ខែមករា (ត្រូវនឹងថ្ងៃទី​១៥ នៅអាមេរិក) ប្រធានាធិបតីដូណាល់ ត្រាំ និងលោក លីវ ហេ (Liu He) ឧបនាយករដ្ឋមន្ត្រីចិន​ កាលពីថ្ងៃទី១៥ ខែ​មករា ឆ្នាំ២០២០ បានសម្រេចចុះហត្ថលេខា​លើកិច្ចព្រមព្រៀង ​«ដំណាក់កាលទី១»​ ជាផ្លូវការ​​ហើយ ក្នុង​ការ​ដោះស្រាយជម្លោះ​ពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ច​ទាំងពីរ​​លើពិភពលោក ​​ដែលបានចាប់ផ្តើម​កើតមានឡើង​រយៈពេលជិត​២ឆ្នាំកន្លងមកនេះ ។

ពិធីចុះហត្ថលេខានៅឯបន្ទប់ក្នុងសេតវិមាន​ សហរដ្ឋអាមេរិកនេះ លោកដូណាល់ ត្រាំ បានហៅថា ជាកិច្ចព្រមព្រៀង​ដ៏មានសារសំខាន់ ។ កិច្ចព្រមព្រៀងនេះ​ ក៏ជា​ទុនមួយយ៉ាងសំខាន់​របស់លោកដូណាល់ ត្រាំ ខណៈកំពុងរងនូវការស៊ើបអង្កេត​ពីរដ្ឋសភាអាមេរិក​ ពាក់ព័ន្ធ​រឿងរ៉ាវមួយចំនួន ​ក្នុងនោះ​មានករណីបោះឆ្នោត​កាលពីឆ្នាំ២០១៦ និង​ការប្រើអំណាចបង្ខំឲ្យអ៊ុយក្រែនស៊ើបអង្កេតលើគូប្រជែង​តំណែងប្រធានាធិបតីអាមេរិក​លោក ចូ បៃដិន ហើយក៏ជាទុន​មួយ​សម្រាប់ការប្រកួតប្រជែង​បោះឆ្នោត​ប្រធានាធិបតីរបស់គាត់​នៅ​ពេលខាងមុខនេះផងដែរ ។

ជម្លោះសង្រ្គាមពាណិជ្ជកម្ម ជាការ​ទំនាស់​ដែល​ប៉ះទង្គិច​គ្នា ប្រមាណ​ជា ​២ឆ្នាំមកហើយ​ ។ ​​ តើការចុះកិច្ចព្រមពៀងពេលនេះ គឺ​មានន័យថា សង្រ្គាមពាណិជ្ជកម្ម បានចប់ហើយមែនទេ?

គេ​មិន​អាច​អះអាង​ដាច់​ណាត់ថា សង្រ្គាមពាណិជ្ជកម្មរវាង​មហាយក្ស​អាមេរិក​និងចិន ចប់​នៅពេល​នេះ​ នោះទេ ។ ព្រោះអ្វី? គឺថា ស្ថានការណ៍​អាច​ប្រែប្រួល​គ្រប់ពេល ។ ហើយ​ម្យ៉ាង​ទៀត គឺគួរ​តែ​បញ្ជាក់​ឱ្យច្បាស់​ថា កិច្ចព្រមព្រៀង​ថ្មី​ស្តី​ពាណិជ្ជកម្ម ដែល​ចុះ​នៅ​ក្រុង​វ៉ាស៊ីនតោន​ ថ្ងៃ​ពុធ​ ទី​១៥មករា គឺគ្រាន់តែ​ដំណាក់​កាល​ជំហានទី១ តែប៉ុណ្ណោះ ។ ទោះយ៉ាងណាក្តី​ គេក៏​​​អាច​និយាយ​បា​ន​ថា ស្ថានការណ៍​តានតឹង​ តឹង​សរសៃកដាក់គ្នា ឈ្លោះគ្នា​ប្រមាណ​ជា​២០ខែ​មកនេះ ចាប់ពី​ដើមឆ្នាំ​​២០១៨​មក គឺហាក់​បាន​ធូរស្រាល​មកវិញ​ ហើយ​អាច​នឹងឈាន​ទៅរក​សភាព​ប្រសើរ​ បាន​មួយ​កម្រិតដែរ​​ ។

កិច្ចព្រមព្រៀងថ្មីជំហានទី១នេះ គឺមិនទាន់​ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​សេចក្តីន័យ​ខ្លឹ​ម​សារ​ច្រើន​នោះទេ ។ តែតាម​ការ​ប្រកាស​ត្រួសៗ​ពី​លោក ដូណាល់​ ត្រាំ និងមន្ត្រី​របស់​គាត់ ព្រមទាំង​ពី​កាសែត​រដ្ឋ​ចិន គឺ​យើង​បាន​ដឹង​ខ្លះៗ ។ ពីខាងអាមេរិក រដ្ឋមន្ត្រី​រតនា​ជាតិ​អាមេរិក ប្រកាស​ថា ភាគី​ចិន​សន្យា​នឹង​បង្កើន​ការ​ទិញ​ទំនិញ​អាមេរិក​ ក្នុង​តម្លៃ​ទឹក​ប្រាក់ ២០០ពាន់​លាន​ដុល្លារ​ បន្ថែម​ ដោយ​ធៀប​នឹង​ការ​ទិញ​ឆ្នាំ​២០១៧ ។ ទឹកប្រាក់​នេះ ទាំង​លោក ដូណាល់ ត្រាំ និង​ទាំង​មន្ត្រី​ខាង​ហិរញ្ញវត្ថុ អបអរទះដៃ​សរសើរ​និង​សរសេរ​ ​ព្រមៗគ្នា​ថា «ជាចំនួនទឹក​ប្រាក់មួយ​យ៉ាង​ច្រើន​សម្បើម ជា​ជ័យ​ជម្នះ​មួយ​យ៉ាង​អស្ចារ្យ​ ហើយ​ជា​ជំហាន​យក្ស​ សម្រាប់​អាមេរិក និង​ក្រុម​ហ៊ុន​សហគ្រាស ពិសេស​សហគ្រាស​ខាង​កសិកម្ម​​» ។ ​

ជា​ថ្នូរ​មកវិញ ភាគី​រដ្ឋបាលអាមេរិក ត្រូវ​ឈប់​ដំឡើង​ពន្ធ​គយ​បន្ថែម​ទៀត​ឱ្យសោះ ចំពោះ​ទំនិញ​ចិន ហើយ​មិន​តែប៉ុណ្ណោះ ត្រូវ​បញ្ចុះ​​ពន្ធ​ពាក់​កណ្តាល​ ចំពោះ​វិធានការ​ពន្ធគយ​ ដែលអាមេរិក​​បាន​ដាក់​កាលពី​ខែ​កញ្ញា​ឆ្នាំ២០១៩ គឺ​បញ្ចុះ​ពាក់កណ្តាល​ចំពោះ​ទំនិញចិន​ដែល​មាន​ក្នុង​​រង្វង់​តម្លៃ​ទឹកប្រាក់ ១២០ពាន់​លា​នដុល្លារ​ ។ ​

ក្នុង​រឿងចរចា​​ពាណិជ្ជក​ម្មដូច្នេះ បើ​មិន​ចំណេញ ទំនង​ភាគី​ទាំងពីរ​មិន​ព្រមធ្វើ​​នោះទេ ។ ចំពោះ​ខាង​អាមេរិក​របស់​លោក​ ដូណាល់ ត្រាំ ដែល​ជាអ្នក​ជំនួញ​ស្រាប់ រឿង​ចំណេញ​លុយកាក់​ជារឿង​ធំដុំ ។ តែ​លើសពីនេះ គឺចំណេញ​នយោបាយ ។

បើ​តាម​អ្នក​វិភាគ, ខណៈ​ពេល​ដែល​លោក​កំពុងតែ​ត្រូវ​ស្រអាប់​មុខ​មាត់​ ដោយសារតែ​នីតិវិធី​ទម្លាក់​ប្រធានាធិបតី​ចុះពីតំណែង ដែលនេះ បទ​ចោទប្រកាន់​ផ្លូវការ​ បា​នដៅដល់​ដៃ​ព្រឹទ្ធសភា​អាមេរិក​ទៅហើយ នៅថ្ងៃ​ពុធ​ ទី​១៥មករា គឺ​ លោក​ ដូណាល់ ត្រាំ ​ចង់លើក​មុខ​ ស្តារ​បង្កើនប្រជាប្រិយភាព​របស់ខ្លួន​ឡើងវិញ សម្រាប់​អាច​ឈ្នះ​ការ​បោះឆ្នោត​ជាថ្មី​ នៅ​អាណត្តិ​ទី២ ដែល​ការ​បោះឆ្នោត​ប្រធានធិបតី​ នឹង​ចាប់ផ្តើម​នៅ​ដើម​ខែ​វិច្ឆិកា​ខាងមុខនេះ ។

ការ​ចំណេញ​ចំពោះ​អាមេរិកដដែល គឺ​តាម​ការ​សន្យា​របស់​លោក ដូណាល់ ត្រាំ ក្នុង​ការ​សើរើ​រឿង​ពាណិជ្ជកម្ម! បើ​លោក​បា​នសម្រេច​ចុះ​កិច្ចព្រមព្រៀងថ្មី ដែល​គេ​មើលទៅ​​ អាច​នាំប្រយោជន៍​ដល់​សេដ្ឋកិច្ច​និង​កសិកម្ម​អាមេរិក​នោះ គឺ​ច្បាស់​ជា​បំពេញ​ចិត្ត​អ្នក​បោះឆ្នោត​អាមេរិក​ ក្នុង​ចំនួន​ណា​មួយ​ជាមិនខាន ។ ហើយ​ក៏​បង្ហាញ​ដែរថា លោក​ត្រាំ បា​នគោរព​ពាក្យ​សន្យា​របស់លោក​ ក្នុង​ការ​លើកកម្ពស់​​វិស័យ​កសិកម្ម ។

ត្រង់​នេះ គេ​ក៏​គួរ​បញ្ជាក់ដែរ​ ថា​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម ប្រមាណ​២ឆ្នាំមកនេះ អាមេរិក ខាត​បង់​ថ្លៃ​មិន​ស្ទើរដែរ ទៅលើ​​ផ្នែក​នាំ​ទំនិញ​កសិកម្ម​ចូល​ស្រុក​ចិន ។ ឧទាហរណ៍​ នៅ​មុន​ឆ្នាំ​២០១៨ អាមេរិក​នាំ​សណ្តែ​ក​​ចូល​ស្រុក​ចិន​ មាន​តម្លៃ​ទឹក​ប្រាក់​ស្មើ​១២,៣ពាន់​លាន​ដុល្លារ​អាមេរិក​ ។ ក៏ប៉ុន្តែ ចាប់ពី​ផ្ទុះ​ជម្លោះ​ពាណិជ្ជកម្ម​មក ការនាំ​សណ្តែកអាមេរិក​​ទៅ​លក់​នៅ​ចិន គឺធ្លាក់​ចុះ​យ៉ាងគំហុក​ មកបាន​ត្រឹមតែ​៣,១ពាន់​លាន​ដុល្លារ​ តែប៉ុណ្ណោះ គឺធ្លាក់​ចុះ​ជិត​៤ដង​ឯណោះ ។ នេះក៏ព្រោះ​តែ​ការ​វាយបក​សងសឹក​ពី​ប៉េកាំង ដែល​ចិន​ដាក់កម្រិត​ទណ្ឌកម្ម​ចំពោះ​​ពន្ធនាំចូល​ទំនិញ​អាមេរិក ។

ដូច្នេះ នៅ​ថ្ងៃទី​១៥មករា ក្រោយ​ពេល​សម្រេច​ថា​ចុះកិច្ចព្រមព្រៀង​ជំហា​នទី១ លោក ដូណាល់ ត្រាំ ប្រកាស​ឱ្យ​កសិករ​ទិញ​ត្រាក់ទ័រ​ថ្មីបន្ថែម ដើម្បី​បង្កើន​ផលិតកម្ម​កសិកម្ម​របស់ខ្លួន ។ ​

ពី​ភាគី​ចិន​វិញ ​រដ្ឋាភិបាល​ចិន បាន​ទទួល​ស្គាល់​ថា ​កំណើនសេដ្ឋកិច្ច​ មាន​ភាព​យឺតយ៉ាវ ជាង​ការ​គិត​ទុក​ពី​មុន​ទៅ​ទៀត ។ ផលិតផល​​ឧស្សាហកម្ម​ សកម្មភាព​លក់​រាយ បាន​បន្ថយ​ល្បឿន ចំណែក​សកម្មភាព​វិនិយោគ​វិញ បាន​ធ្លាក់​ចុះ​ទាប​ក្នុង​កម្រិ​ត​ដ៏​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ឡើយ ក្នុង​អំឡុង​ពេល២ទសវត្សរ៍​​កន្លង​មក​នេះ ។ ហើយ​ចិន ធ្លាក់​ពីប្រទេស​ដែល​នាំ​ទំនិញ​កសិកម្ម​ទៅអាមេរិក លំដាប់​ទី​២ ធ្លាក់​មកនៅ​លេខ​រៀង​ទី​៥វិញ ។ ហេតុនេះ ការ​ចុះ​កិច្ចព្រមព្រៀង​ថ្មី ស្តីពី​ពាណិជ្ជកម្ម ជាមួយ​អាមេរិក, ចិន​រំពឹង​ថា​នឹង​ជួយ​ស្រោ​ច​ស្រង​ការ​ខាត​បង់​មកវិញ ជាក់ជា​មិន​ខាន ។ ​

ជាប្រយោជន៍​ដល់​ចិនដែរ គឺអាមេរិក​សម្រេច​ដក​ចិន​ចេញពី​បញ្ជី​ខ្មៅ នៃប្រទេស​ដែលបង្វិល​កែប្រែអត្រា​ប្តូរ​ប្រាក់ បញ្ជុះដំឡើង​ តាម​ទំនើង​ចិត្ត​នឹកឃើ​ញ​របស់ខ្លួន ។ ​( Les pays manipulateurs des monnaies, ប្រទេស​ដែល​អនុវត្តមិនយុត្តិធម៌ លើនយោបាយរូបិយប័ណ្ណ ឬឧបាយកលនយោបាយរូបិយបណ្ណ)​៕


ចែករំលែក៖