ភ្នំពេញ ៖ បុរសចំណាស់អនាថាម្នាក់ដេកស្លាប់ ក្នុងបរិវេណវត្តកំបូល បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅរោងបុណ្យក្នុងវត្ត ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សពមិនត្រូវបានស្គាល់ឈ្មោះ អត្តសញ្ញាណ ផ្ទះសម្បែងនោះទេ អាយុជាង៥០ឆ្នាំ ស្នាក់អាស្រ័យនៅក្នុងវត្តកំបូល ច្រើនខែមកហើយ អនាថា ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ បុរសខាងលើដេកនៅរោងបុណ្យក្នុងបរិវេណវត្ត តាំងពីព្រឹកមកម្លេះ មិនងើបសោះ ហើយព្រឹកមិញទៀតសោត មានអ្នកទិញបបរឲ្យហូបដែរ តែបុរសខាងលើមិនហូប នៅសង្ងំដេក រហូតដល់វេលាម៉ោងខាងលើ មិនឃើញងើបសោះ គិតថាដេក មានអ្នកស្នាក់នៅវត្ត ដាស់គោលបំណង់ដេកឲ្យស្រួល ទើបដឹងថា ជនខាងលើរឹងបាត់ទៅហើយ មិនដឹងថា តាំងពីពេលណា ទើបនាំគ្នាភ្ញាក់ផ្អើល រាយការណ៍ទៅសមត្ថកិច្ច អាជ្ញាធរ ចុះទៅពិនិត្យជាក់ស្តែង ។
តាមអាជ្ញាធរបានឲ្យដឹងថា សពបុរសខាងលើ អនាថា គ្មានសាច់ញាតិ គ្មានបងប្អូន រង់ចាំសមត្ថកិច្ចពិនិត្យ ធ្វើឯកសាររួច អាជ្ញាធរសហការ ដឹកសពយកទៅធ្វើបុណ្យនៅវត្តអង្គបឹងចក សង្កាត់កំបូល ព្រោះថានៅវត្តកំបូលអត់មានកន្លែងធ្វើបុណ្យ ៕ សុខាសែនជ័យ