ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងទៅដេកលើផ្លូវដែក រថយន្តភ្លើងបើកកិនស្លាប់ ដាច់ជាកំណាត់ៗ

ចែករំលែក៖

ភ្នំពេញ៖ បុរសពោះម៉ាយម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីផឹកស្រវឹងទៅដេកលើផ្លូវដែក ត្រូវបានរថភ្លើងបើកកិន កាលពីវេលាម៉ោង២រំលងអធ្រាត្រ ចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រហូតដល់វេលាម៉ោង៧ និង០០នាទីព្រឹកថ្ងៃដដែលនេះ ទើបពលរដ្ឋប្រទះឃើញ ផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច ។

បុរសរងគ្រោះមានឈ្មោះ សម្បត្តិ វុធ អាយុ៤២ឆ្នាំ មុខរបរ ដើរស៊ីឈ្នួល ធ្វើការងារឲ្យគេ ស្នាក់នៅក្រោមដំបូលរោងធ្លុះធ្លាយ ក្បែរកន្លែងកើតហេតុ មានស្រុកកំណើត ភូមិតាម៉ៅ ឃុំរាធរ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

តាមក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះ ជាពោះម៉ាយ ប្រពន្ធលែង៥ឆ្នាំមកហើយ មានកូន៣នាក់ រស់នៅខាងប្រពន្ធ ក្នុងភូមិខាងលើ ចំណែកជនរងគ្រោះរស់នៅយ៉ាងកណ្តោចកណ្តែងម្នាក់ឯង ក្រោមដំបូលខ្ទប់ធ្លុះធ្លាយ ក្បែរចំណុចកើតហេតុ ។

តាមប្រជាពលរដ្ឋ អ្នកស្គាល់ ជនរងគ្រោះ ក្រោយពីលែងលះជាមួយប្រពន្ធ បានខូចចិត្ត ផឹកស្រាជាប្រចាំ ហើយជារើយៗ ជនរងគ្រោះ ដើរ ដេក ផឹក នៅលើផ្លូវដែក ស្រាប់តែនៅវេលាម៉ោង២រំលងអាធ្រាត្រ មានរថភ្លើងមួយខ្សែបើកចូលក្រុងភ្នំពេញ តែមិនចាប់អារម្មណ៍ រហូតដល់ព្រឹកម៉ោង៧ ថ្ងៃដដែល ប្រទះឃើញជនរងគ្រោះស្លាប់ដោយរថភ្លើងបើកកិនទៅវិញ ទើបនាំគ្នាភ្ញាក់ផ្អើល ។

ក្រោយពីសមត្ថកិច្ច ចុះទៅពិនិត្យកោសល្យវិច័យ ជនរងគ្រោះពិតជាស្លាប់ដោយរថភ្លើងកិនពិតប្រាកដមែន រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងប្រមូលបំណែកដៃជើង យកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖