ព័ត៌មានទាន់ហេតុការណ៍៖

ប្លែកអារម្មណ៍ លោក សយ រតនា យកបទចម្រៀង ស្រង់ចិត្ត របស់ សេន រ៉ានុត មកច្រៀងឡើងវិញ

ចែករំលែក៖

ភ្នំពេញ៖ ពិតជាជាចាប់អារម្មណ៍នឹងទឹកដមសំនៀងមួយបែបថ្មី ប្លែក របស់តារាចម្រៀង សយ រតនា ក្រោយពីតារារូបនេះបានបង្ហើរសំនៀងក្នុងបទចម្រៀង ស្រង់ចិត្ត ដែលគេស្គាល់ថាជាសំនៀងដើមរបស់លោក សេន រ៉ានុត ។

ទើបនឹងបញ្ចេញបទចម្រៀងកាលពីរសៀលថ្ងៃទី២៨ ខែមករានេះ តារាចម្រៀង និងជាអ្នកនិពន្ធវ័យក្មេង លោក សយ រតនា បានការពេញចិត្តខ្លាំងពីអ្នកគាំទ្រ ក្រោយពីតារារូបនេះបានបញ្ចេញបទចម្រៀងរបស់ខ្លួនដែលជាបទចម្រៀងសំនៀងដើមរបស់លោក សេន រ៉ានុត ។ អ្នកគាំទ្របានលើកឡើងថា តារាស្រករក្រោយរូបនេះមានទឹកដមសំនៀងស្រដៀងគ្នា ឬមិនខុសគ្នាពីអតីតតារាចម្រៀង លោក សេន រ៉ានុតនោះទេ ។

បទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅនេះក៏បានជួយគាស់រំលើងការចងចាំឡើងវិញរបស់ទស្សនិកជនដែលធ្លាប់ឆ្លងកាត់ការស្តាប់បទចម្រៀង របស់លោក សេន រ៉ានុតផងដែរ ។ តារាចម្រៀង​សយ រតនា បានបញ្ជាក់ថា បទ ស្រង់ចិត្ត គឺជាបទមួយក្នុងចំណោមបទជាច្រើនរបស់លោក សេន រ៉ានុត ដែលលោកពេញចិត្តខ្លាំង ។

លោកថាមិនមែនជាការប្រៀបធៀមសមត្ថភាពជាមួយតារាចម្រៀងរាមច្បង ប៉ុន្តែលោកចង់រំលឹកការចងចាំរបស់បងៗដែលធ្លាប់ចូលចិត្តបទចម្រៀងបែបមនោសញ្ចេតនាបែបនេះ ។ លោកថាជាលើកដំបូងសម្រាប់លោកដែលបានយកបទចម្រៀងរបស់លោក សេន រ៉ានុត មកបកស្រាយហើយលោកក៏ស្នើឲ្យមានការអធ្យាស្រ័យប្រសិនបើការបកស្រាយជាថ្មី(Cover) របស់លោកមានការខ្វះខាត ។

អ្នកដឹកនាំ និងពិពន្ធរូបនេះលើកឡើងដែរថា លោកនឹងលើកយកបទចម្រៀងល្បីៗរបស់លោក សេន រ៉ានុត មកបកស្រាយជាបន្តទៀតនាឱកាសក្រោយ ដែលបទចម្រៀងលោកពេញចិត្តមានច្រើនដូចជាបទ ចិត្តខ្លែង បទ អប្សរា «កំផែងវណ្ណៈ» ជាដើម ។

ជាមួយនឹងការជួយចែករំលែក តារាចម្រៀង សេន រ៉ានុត ដែលកំពុងរស់នៅសហរដ្ឋអាមេរិក បានបង្ហាញការភ្ញាក់ផ្អើលក្រោយពិតារាចម្រៀង សយ រតនាបានយកបទចម្រៀងរបស់លោកមកបកស្រាយជាថ្មី ហើយលោកក៏បានសរសើរពីទឹកដមសំនៀងរបស់តារាចម្រៀងរូបនេះថាពិរោះផងដែរ ។

គួរបញ្ជាក់ផងដែរថា តារាចម្រៀង សយ រតនា ត្រូវបានគេស្គាល់ថា ជាអ្នកនិពន្ធបទចម្រៀងឲ្យតារាប្រុសស្រីល្បីឈ្មោះជាច្រើន ។ លោកក៏ជាតារាសម្តែង ចម្រៀង និងដឹកនាំសម្តែងប្រកបដោយទេពកោសលផងដែរ ៕ វឌ្ឍនា


ចែករំលែក៖