ភ្នំពេញ៖ បុរសជនជាតិចិនចំនួន២នាក់បានកាន់ទូរស័ព្ទម៉ាកiPhone x max លក់ទៅឲ្យគូស្នេហ៍មួយគូដែលកំពុងអង្គុយសាសងគ្នាក្នុងមជ្ឈមណ្ឌលកោះពេជ្រ ក្នុងតម្លៃ៥០០ដុល្លារ ខណៈតថ្លៃគ្នាត្រូវសល់តែ៤០០ដុល្លារ ភាគីទាំងសងខាងបានព្រមព្រៀងគ្នាហើយបែរជាជនជាតិចិនបន្លំយកទូរស័ព្ទក្លែងក្លាយមកឲ្យវិញ ទើបជនជាតិខ្មែរស្រែកផ្អើលអ្នកជិតខាងឃាត់បានភ្លាមៗតែម្តង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅក្នុងសួនសត្វ កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុមានគូស្នេហ៍មួយគូបាននាំគ្នាមកអង្គុយលេងក្នុងសួនសត្វកោះពេជ្រ បន្ទាប់មកស្រាប់តែមានជនជាតិចិនចំនួន២នាក់ បានដើរមកសួរនាំលក់ទូរស័ព្ទម៉ាក iPhone x max មួយគ្រឿងក្នុងតំលៃ៥០០ដុល្លារ ពេលនោះភាគីខាងជនជាតិខ្មែរក៏បានសុំមើលរួចតថ្លៃនៅសល់តំលៃ៤០០ដុល្លារ ។
ប្រភពព័ត៌មានបានបន្តថា ពេលនោះភាគីខាងជនជាតិចិនក៏ព្រមលក់ តែបែរជាបន្លំយកទូរស័ព្ទមួយគ្រឿងទៀត ដែលជាទូរស័ព្ទក្លែងក្លាយមកលក់ឲ្យ ទើបភាគីខាងជនជាតិខ្មែរដឹងទាន់ទើបស្រែកបង្កការភ្ញាក់ផ្អើកដល់អ្នកជិតខាង និងសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនទាំង២នាក់តែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងនាំជនជាតិចិនទាំង២នាក់មកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលនគរបាលទន្លេបាសាក់តែម្តង ។
បន្ទាប់ពីសួរនាំ និងហៅអ្នកបងប្រែមកទើបដឹងថា ជាការយល់ច្រឡំនឹងគ្នារួចក៏ដោះលែងជនជាតិចិនទាំង២នាក់វិញដោយពុំមានអ្នកប្តឹងនោះទេ ៕ សុខាសែនជ័យ