ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងឆ្នាំ២០១៩ អាមេរិក​​​ ទម្លាក់គ្រាប់បែក ៧ ៣៦២ គ្រាប់ក្នុងទឹកដីអាហ្វហ្គានីស្ថាន

ចែករំលែក៖

សារព័ត៌មាន Aljazeera​ដកស្រង់ចុះផ្សាយ​នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ដោយបានដកស្រង់ប្រភពព័ត៌មានពី​កម្លាំង​​ទាហានអាមេរិក​​នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន​បានបញ្ជាកថា ការទម្លាក់គ្រាប់បែក​​​​ នៅលើទឹកដីអាហ្វហ្គានីស្ថានកើនឡើងខ្ពស់​ ។

តាមរបាយការណ៍​របស់ បញ្ជាការដ្ឋានកងទ័ពជើងអាកាសអាមេរិក AFCENT កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ បានបញ្ជាក់​ថា អាមេរិកបានទម្លាក់គ្រាប់បែក​ចំនួន ៧ ៤២៣​គ្រាប់ គោលដៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប្រឆាំង​ទៅលើ​ក្រុមឧទ្ទាមតាលីបង់ ក្នុងឆ្នាំ២០១៩​ គឺកើនឡើង​ជាងកាលពីឆ្នាំ​២០១៨ ដែលមានតែ​ ៧ ៣៦២ គ្រាប់ ។

ក្នុងឆ្នាំ២០០៩ ក្រោមអំណាចរដ្ឋបាលអាមេរិក​របស់លោក បារ៉ាក់ អូបាម៉ា ការទម្លាក់គ្រាប់បែក​នៅលើទឹកដីអាហ្វហ្គានីស្ថានប្រឆាំងទៅលើក្រុមតាលីបង់​ មាន​តែ​៤ ១៤៧​គ្រាប់ប៉ុណ្ណោះ ។ លុះមកដល់រដ្ឋបាលអាមេរិក​ក្រោមការដឹកនាំរបស់​ប្រធានាធិបតី ដូណាល់ ត្រាំ ឡើងកាន់តំណែង​ឆ្នាំ​២០១៦​មកដល់បចុច្បន្ននេះវិញ ការទម្លាក់គ្រាប់បែក​​នៅលើទឹកដីអាហ្វហ្គានីស្ថាន​ មានការកើនឡើង​ ។

អង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្ស​​បានព្រួយបារម្ភ​​ចំពោះកំណើនទម្លាក់គ្រាប់បែក​នៅទូទាំង​ទឹកដីអាហ្វហ្គានីស្ថាន​ ដោយកងកម្លាំងអាមេរិក និងកងកម្លាំងរដ្ឋាភិបាល ដែលលទ្ធផល​ធ្វើឲ្យ​ជនស៊ីវិលបាត់បង់ជីវិត​កាន់តែច្រើនឡើង ។

សង្គ្រាមប្រឆាំងភេរវកម្ម​របស់អាមេរិក​​នៅអាហ្វហ្គានីស្ថាន​ ចាប់ផ្តើមឡើងពីឆ្នាំ​២០០១រហូតមកដល់ពេលបច្ចុប្បន្ននេះ មានរយៈពេល១៨ឆ្នាំហើយ ក្នុងនោះបើតាមប្រភពដែលបានចុះបញ្ជី​ថា បានសម្លាប់​មនុស្សជាង ៣១ ០០០នាក់​ និង​២៩ ៩០០​នាក់រងរបួស ៕

 


ចែករំលែក៖