ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាមិនចាំបាច់បិទជើងយន្តហោះមកពីប្រទេសចិនទេ

ចែករំលែក៖

ភ្នំពេញៈ កាលពីព្រឹកមិញថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ នៅវិមានសន្តិភាព ក្នុងពេលអញ្ជើញថ្លែងសន្និសីទសារព័ត៌មានអំពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាន ជម្រាបជូនជាផ្លូវការអំពីការសម្រេចមិនចាំបាច់បិទជើងហោះហើរតាមអាកាស តាមកប៉ាល់ទឹក តាមផ្លូវគោក ពីចិនមកកម្ពុជាដោយមូលហេតុថាៈ

១)ចិនជាដៃគូវិនិយោគ ពាណិជ្ជកម្ម និងទេសចដែលបានធ្វើអោយកំណើនសេដ្ឋកិច្ចជាតិរីកចម្រើន។
២)ពលរដ្ឋខ្មែរ និងពាណិជ្ជករខ្មែរទទួលបាននូវការងារ និងផលប្រយោជន៍វិនិយោគច្រើនពីទំនាក់ទំនងល្អរវាងចិនកម្ពុជា។
៣)មានសិស្ស និងនិស្សិតខ្មែរជាច្រើនដែលទទួលបានអាហារូបករណ៍កំពុងសិក្សានិងរស់នៅក្នុងប្រទេសចិន។
៤)មានការដឹកជញ្ជូនផ្លាស់ប្តូរទំនិញជាច្រើននាំចេញ និងនាំចូលមកកម្ពុជាដែលកំពុងបម្រើការទីផ្សារ។
៥)ទំនាក់ទំនងល្អរវាងកម្ពុជា-ចិនកំពុងស្ថិតនៅក្នុងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ។

ប្រសិនបើកម្ពុជាសម្រេចបិទជើងយន្តហោះ ឬតាមផ្លូវទឹក និងផ្លូវគោក នៅពេលនេះ គឺស្មើនឹងកម្ពុជារត់ចោលមិត្តក្នុងគ្រាមានអាសន្ន រីឯកំពស់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរក៏នឹងធ្លាក់ចុះ វិស័យវិនិយោគពាណិជ្ជកម្ម ទេសចរណ៍ និងសេវាកម្មជាច្រើនទៀតនឹងត្រូវជាប់គាំង ហើយចំនួននិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនក៏នឹងធ្លាក់ចុះផងដែរ។

តាមព័ត៌មានគឺបង្ហាញថា ជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា បានឆ្លងទៅប្រទេសមួយចំនួននៅជុំវិញប្រទេសយើង ហើយសូម្បីតែនៅសហរដ្ឋអាមេរិកក៏មានឆ្លងដែរ។ បើយើងសម្រេចបិទជើងយន្តហោះពីចិន ក៏យើងត្រូវតែបិទជើងយន្តហោះមកពីប្រទេសផ្សេងៗទាំងអស់ ដើម្បីធានាកុំអោយមេរោគនេះចូលមកកម្ពុជាបាន។ ការធ្វើបែបនេះ គឺនឹងស្មេីនឹងកាត់ផ្តាច់កម្ពុជាខ្លួនឯងអោយនៅឯកា ហើយនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ម៉ាក្រូសេដ្ឋកិច្ច គឺធ្វើបែបនេះអត់ត្រូវទេ៕


ចែករំលែក៖