ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះផ្សារអ៊ីខាងនៅសង្កាត់ស្ទឹងមានជ័យ៣ខូចខាតទាំងស្រុង

ចែករំលែក៖

ភ្នំពេញ៖ ផ្សារអ៊ីខាងចំនួន២០តូបត្រូវអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ៤និង ២០នាទីទៀបភ្លឺ ឈានចូលថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ ២០២០នៅតាមបណ្ដោយផ្លូវវេងស្រេង ខាងលិចស្តុបឡូប្រាំចម្ងាយប្រហែល ២០០ម៉ែត្រ ស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

អគ្គិភ័យឆាប់ឆេះនៅផ្សារអ៊ីខាង ទំហ៊ំ១០ម៉ែត្រ គុណនឹង៣០ម៉ែត្រ ម្ចាស់ដី មានឈ្មោះ ចែ ចន្ធូ ភេទស្រី អាយុ ៥០ឆ្នាំជាង រស់នៅម្ដុំគិរីរម្យ ក្នុងសង្កាត់បឹងកេងកង ទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពពីបងប្រុសម្នាក់ដែលគាត់លក់ដូរ នៅទីនេះមួយយប់ទល់ភ្លឺបានប្រាប់ឲ្យដឹងថា ដំបូងឡើយគឺមានការឆ្លងចរន្តអគ្គិសនីនៅបង្គោលភ្លើងថ្ម បង្កជាអគ្គិភ័យឆាប់ឆេះដល់ផ្សារ ដែលមានឈ្មោះ អ៊ីខាង គឺឆេះយ៉ាងសន្ធោសន្ធៅតែម្ដង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាអ្នកដំណើរហើយក៏ បានទំនាក់ទំនងទៅសមត្ថកិច្ចបានចុះមកអន្តរាគមន៍ បានហៅរថយន្តពន្លត់អគ្គិភ័យបានមកជាបន្តបន្ទាប់បាញ់ពន្លត់ឲ្យរលត់ទៅវិញនៅវេលាម៉ោង ៥ និង ៤០ នាទីព្រឹកនៅថ្ងៃខែឆ្នាំដដែល ។

ចំពោះរថយន្តពន្លត់អគ្គិភ័យប្រើអស់ចំនួន៩គ្រឿង ដោយរងការខូចខាតគឺផ្សារទាំងមួយចំនួន២០តូប តូបលក់កាបូបកាតាប ខោអាវនិងគ្រឿងក្រឡៃ ឆេះទាំងស្រុងតែម្ដង ។ និងបូករួមទាំងម៉ូតូមួយគ្រឿងទៀតគឺម៉ាកឌ្រីមសង់ ស៊េរី ឆ្នាំ២០១៤ ជាកម្មសិទ្ធិរបស់ឈ្មោះផាន់ ចាន់ណា ភេទស្រី ឆេះទាំងស្រុងផងដែរ តែ អ្នកនៅដេកខាងក្នុងនាំគ្នារត់ចេញមកក្រៅទាន់ពេលវេលាមិនមានអ្នករង របួសឬក៏ស្លាប់នោះទេ ។ ចំណោះមូលហេតុនៃករណីអគ្គិភ័យខាងលើគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីពីបង្គោលភ្លើងថ្ម ហើយជាមួយគ្នានោះប្រជាពលរដ្ឋក៏មានចម្ងល់ថា តើខាងអគ្គិសនីមានសំណងដល់ប្រជាពលរដ្ឋដែរឬអត់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖