ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈបើកម៉ូតូបុករថយន្តកុងតឺន័រ បត់ឆ្លងផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿន បុករថយន្តកុងតឺន័រ១គ្រឿង បត់ឆ្លងផ្លូវ ។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវលេដ៥៩៨ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ (ស្លាប់)ឈ្មោះ សេង វាសនា អាយុ ៣២ ឆ្នាំ មុខរបរសិស្សនៅសាលាគរុកោសល្យវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ស្នាក់នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ មានស្រុកកំណើត នៅឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ចំណែកអ្នករងរបួសធ្ងន់ឈ្មោះ សៀម សុរ: អាយុ ២១ ឆ្នាំ ស្នាក់នៅជាមួយគ្នា មុខរបរដូចគ្នា មានស្រុកកំណើត ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីបុរសជាសន្តិសុខម្នាក់ ដែលនៅយាមក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគាត់ឃើញបុរសពីរនាក់ បើកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាក ពោធិ៍សាត់ 1G-8899 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង យ៉ាងលឿន ។ ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តកុងតឺន័រ១គ្រឿង មិនចាំផ្លាកលេខ បើកបរបញ្រ្ចាសទិសដៅគ្នា បានបត់ឆ្វេងដៃ ចូលទៅផ្លូវបេតុងឆ្ពោះទៅទិសខាងកើត បានវាក់អើចាប់ហ្វ្រាំងមិនទាន់ជ្រុល ទៅបុកនឹងរថយន្តពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះផងដែរ ចំណែករថយន្តកុងតឺន័រ បានបើកបន្តទៅមុខទៀតបាត់ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ ក៏ទាក់ទងជំនាញចុះយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ចំណែកសពជនរងគ្រោះ ប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ


ចែករំលែក៖