ខេត្តត្បូងឃ្មុំ៖ បុរសចំណាស់ម្នាក់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីយកសំណល់គ្រាប់ផ្លោងពីសម័យសង្រ្គាមមកដំយកសំបកលក់ឲ្យអេតចាយ ធ្វើឲ្យ ផ្ទុះឡើងលាន់កក្រើកដី និងភូមិកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៦ កើត ខែ មាឃ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ក្រោយកើតហេតុត្រូវបានកម្លាំងសមត្ថកិច្ចចុះទៅត្រួតពិនិត្យ ក្នុងនោះក៏ឃើញមានប្រភេទគ្រាប់កាំភ្លើងផ្លោងប្រភទ៦០មីល្លីម៉ែត្រមួយគ្រាប់ទៀត ដែលមិនទាន់ផ្ទុះនៅឡើយ ។
លោកវរសេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទួន វុិត ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិខុះកើតហេតុខាងលើ ។ មុនពេលកើតហេតុបុរសរងគ្រោះបានយកគ្រាប់កាំភ្លើងត្បាល់សល់ពីសង្រ្គាមទំហំ ៨០មីល្លីម៉ែត្រចាស់មួយគ្រាប់ មកវាយយករំសេវ និងសំបកយកទៅលក់ឲ្យអេតចាយនៅក្រោមដើមក្រខុបមុខផ្ទះរបស់គាត់នៅចំណុចភ្នំបុស្សតាកុក ស្ថិតនៅភូមិបេង ។ លុះដំបានតែបន្តិច ស្រាប់តែគ្រាប់នេះបានផ្ទុះលាន់កក្រើកតែម្ដង និងធ្វើឲ្យជនរងគ្រោះប៉ើងជាង៤ម៉ែត្របណ្តាលឲ្យស្លាប់ភ្លាមមួយរំពេចព្រមទាំងបង្កឲ្យមានការភ្ញាក់ផ្អើលពីអ្នកជិតខាងតែម្តង ។
លោកអធិការនគរបាលស្រុកមេមត់ប្រាប់បន្តថា បុរសនេះត្រូវអំបែងគ្រាប់ផ្លោងចំត្រង់.ក និងជើងបណ្ដាលឲ្យស្លាប់មួយរំពេច ហើយបំបែកគ្រាប់មិនបានជះអំបែងទៅប៉ះអ្នកជិតខាងណាម្នាក់ បណ្ដាលឲ្យរងរបួសនោះទេ ។ បន្ទាប់ពីហេតុការណ៍កើតឡើង លោកនាយប៉ុស្តិ៍រដ្ឋបាលដារបានរាយការណ៍មករូបលោក ហើយក៏បានចាត់ឲ្យកម្លាំងជំនាញចុះទៅធ្វើការត្រួតពិនិត្យជាបន្ទាន់នៅកន្លែងកើតហេតុ ។ ពេលសមត្ថកិច្ចជំនាញទៅដល់ សមត្ថកិច្ចបានរកឃើញគ្រាប់ទំហំ60mmមួយគ្រាប់ទៀត មិនទាន់ផ្ទុះនៅមិនឆ្ងាយប៉ុន្មានពីសាកសព ។ គ្រាប់នេះ ជនរងគ្រោះបានរើសយកមកពីក្នុងព្រៃជាប់ព្រំដែនកម្ពុជា និងវៀតណាម នៅក្នុងឃុំដាស្រុកមេមត់ ក្នុងពេលដែលដើរទៅរកឃ្មុំក្នុងព្រៃ ហើយបើតាមការសន្និដ្ឋានគ្រាប់នេះ ទំនងអាចបន្សល់ទុកតាំងពីសម័យសង្គ្រាមមកម្ល៉េះ ។
លោកអធិការបន្តថា ចំណែកគ្រាប់ដែលមិនទាន់ផ្ទុះមួយគ្រាប់នេះ មន្ត្រីជំនាញបានទាក់ទងទៅអង្គការស៊ីម៉ាក់ ឲ្យមកទទួលជាទៅរក្សាទុកឬក៏យកទៅកម្ទេចចោល និងបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប្រាថ្នា