ខេត្តប៉ៃលិន ៖ ចោរចិត្តស្លុយម្នាក់ ពិតចាថ្លើមធំមែនហ៊ានចូលទៅទីតាំងច្រកចេញចូលតែមួយសាលាខេត្តប៉ៃលិន រួចកាច់សោកម៉ូតូរបស់មន្រ្តីសាលាខេត្តមួយគ្រឿងយកទៅបាត់ គ្រាដែលអង្គភាពនេះគ្មានសន្តិសុខយាមកាមត្រឹមត្រូវដោយសំអាងមានកាម៉េរាសុវត្ថិភាព ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៩ និង៤៣នាទីព្រឹកថ្ងៃ ព្រហស្បតិ៍ ៦ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខអង្គភាពច្រកចេញចូលតែមួយក្នុងសាលាខេត្តប៉ៃលិន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូមួយគ្រឿងដែលជនសង្ស័យលួចយកទៅបាត់ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន ១C-៨២១៤ ជាកម្មសិទ្ធិរបស់ឈ្មោះ តិច រិទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមន្ត្រីរាជការសាលាខេត្ត ។
ក្រោយពេលកើតហេតុ ម្ចាស់ម៉ូតូបានត្រឹមទៅដាក់ពាក្យបណ្ដឹងនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តប៉ៃលិន ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់តែប៉ុណ្ណោះ គ្រាដែលសមត្ថកិច្ចនៅទីនោះបានឆែកតាមកាម៉េរាសុវត្ថិភាពឃើញជនសង្ស័យវ័យក្មេងម្នាក់ចូលទៅកាច់សោកម៉ូតូនៅចំណុចខាងលើ ហើយជិះគេចខ្លួនដោយសុវត្ថិភាពនោះ៕ សសារ៉េត