ព័ត៌មានទាន់ហេតុការណ៍៖

កុំថាឡើយផ្លូវថ្នល់ សូម្បីតែក្លោងទ្វារវត្ត សាក់សំពៅ ក៏ត្រូវបានក្រុមរថយន្តដឹកដី ដឹកខ្សាច់ ធុនធំបើកបុកបំផ្លាញស្ទើរបាក់ សង្ស័យអាជ្ញាធរខណ្ឌដង្កោអសមត្ថភាព

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅសង្កាត់គងនយ និង សង្កាត់សាក់សំពៅ នៃមូលដ្ឋានខណ្ឌដង្កោ ទទូចស្នើរទៅដល់អាជ្ញាធរខណ្ឌដង្កោ មេត្តាដាក់គោលដៅហាមឃាត់ក្រុមរថយន្តដឹកដី ដឹកខ្សាច់ ដោយសារតែបង្កប៉ះពាល់បរិស្ថានខ្លាំងក៏ដូចជា ធ្វើឲ្យខូចផ្លូវសាធារណៈ ។

ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះប្រាប់ឲ្យដឹងថា ការស្នើសុំឲ្យអាជ្ញាធរខណ្ឌដង្កោ មេត្តាបន្តដាក់គោលដៅហាមឃាត់ក្រុមរថយន្តដឹកដី ដឹកខ្សាច់ បែបនេះ ដោយសារតែកន្លងទៅ ខាងអាជ្ញាធរខណ្ឌបានដាក់គោលដៅឃាត់ក្រុមរថយន្តដឹកដី ដឹកខ្សាច់ មិនឲ្យបើកបរឆ្លងកាត់មូលដ្ឋានខណ្ឌដង្កោ ដោយសារតែបង្កផលប៉ះពាល់បរិស្ថាន ជាពិសេសធ្វើឲ្យខូចផ្លូវតែម្តង ។ ដោយឡែកក្លោងទ្វារវត្ត សាក់សំពៅ ក៏ត្រូវបានក្រុមរថយន្តដឹកដី ដឹកខ្សាច់ ទាំងអស់នេះបើកបុកបំផ្លាញស្ទើរបាក់ផងដែរ ។

ពលរដ្ឋប្រាប់បន្តថា ក្រោយពីអាជ្ញាធរដកគោលដៅត្រឡប់ទៅវិញ គឺក្រុមរថយន្តដឹកដី ដឹកខ្សាច់ ទាំងអស់នេះចាប់ផ្តើមបើកបរវិញដដែល ។ ហេតុដូច្នេះហើយបានជាពួកគាត់ទទូចស្នើរទៅដល់អាជ្ញាធរខណ្ឌដង្កោ មេត្តាបន្តដាក់គោលដៅហាមឃាត់ក្រុមរថយន្តដឹកដី ដឹកខ្សាច់បន្តទៀត ។

សូមបញ្ជាក់ឲ្យដឹងថា តាមការសង្កេតមើលបច្ចុប្បន្នក្រុមរថយន្តដឹកដី ដឹកខ្សាច់ បើកបរចេញពីរណ្តៅដី ការដ្ឋានបូមខ្សាច់ជាច្រើនទីតាំង នៃស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយបើកបរឆ្លងកាត់សង្កាត់ព្រែកកំពឹស សង្កាត់គងនយ និងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ភាគច្រើនមិនគ្របឲ្យបានល្អនោះទេ ។ ក្រុមរថយន្តដឹកដី ដឹកខ្សាច់ទាំងអស់នេះ ក៏តែងតែបង្កផលប៉ះពាល់ បរិស្ថានទូទៅ ក៏ដូចជាបង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ផងដែរ ដោយសារបើកបរលឿនខ្វះការប្រុង ប្រយ័ត្ន ជាពិសេសក្រុមរថយន្តដឹកដី ដឹកខ្សាច់ទាំងអស់នេះ ភាគច្រើន គឺគ្មានស្លាកលេខទៀតផង ។

ដោយសារបញ្ហានេះ ប្រជាពលរដ្ឋសំណូមពរអាជ្ញាធរខណ្ឌដង្កោ មេត្តាជួយណែនាំក្រុមហុ៑នដឹកដីទាំងអស់នោះ កុំឲ្យបើកបររថយន្តលឿនៗពេក ហើយត្រូវគ្របឲ្យបានត្រឹមត្រូវ ជាពិសេស សូមជួយស្រោចទឹកនៅលើដងផ្លូវឲ្យញឹកញាប់ផង ដើម្បីកុំឲ្យប៉ះពាល់បរិស្ថានបន្តទៀត ។

បើតាមការបញ្ជាក់ពីពលរដ្ឋប្រាប់ឲ្យដឹងថា នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បច្ចុប្បន្នកំពុងកើតមានរណ្តៅដី ការដ្ឋានបូមខ្សាច់ ជាច្រើនកន្លែង កំពុងបើកអាជីវកម្ម ដឹកជញ្ជូន ១ថ្ងៃៗ រាប់សិបឡាន ហើយក៏តែងតែបង្កផលប៉ះពាល់បរិស្ថានយ៉ាងខ្លាំងផងដែរ ទៅដល់មូលដ្ឋានខេត្តកណ្តាលខ្លួនឯងផ្ទាល់ផង រហូតឈានមកដល់ខណ្ឌដង្កោរាជធានីភ្នំពេញទៀតផង ៕ ភារ៉ា ដង្កោ


ចែករំលែក៖