ខេត្តបាត់ដំបង ៖ កម្លាំងកងរាជអាវុធហត្ថ សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តបាត់ដំបងបានចុះបង្ក្រាបនឹងឆែកឆេរទីតាំងសន្និធិផលអនុផលព្រៃឈើខុសច្បាប់មួយកន្លែង នៅចំណុចក្រុមទី៨ស្ថិតក្នុងភូមិរំចេក៣សង្កាត់រតនៈក្រុងបាត់ដំបងកាលពីរសៀល ថ្ងៃ ព្រហស្បតិ៍ ៦ កើត ខែ មាឃ ឆ្នាំកុរ ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០២០ ហើយបានដកហូតឈើប្រណីតជាង៣ម៉ែត្រគូបរួចដឹកយកមករក្សាទុកនៅថ្នាលបណ្តុះកូនឈើនៃរដ្ឋបាលខណ្ឌព្រៃឈើបាត់ដំបង ។
មន្ត្រីជំនាញបានឲ្យដឹងថា វត្ថុតាងដែលដកហូតបានរួមមាន៖១ ឈើប្រភេទត្រសេកចំនួន៥៥សន្លឹកស្មើនឹង០,៩៦១ម៉ែត្រគូប ២ ឈើប្រភេទធ្នង់ចំនួន២ ៨៧៥គីឡូក្រាមស្មើ២១៦ដុំស្មើ២ ៣៩៥ម៉ែត្រគូបសរុបទាំងអស់មានចំនួនស្មើនឹង៣,៣៥៦ម៉ែត្រគូប ដែលជាឈើប្រភេទលេខ១ ។ ឈើទាំងនេះត្រូវបានឈ្មួញយកមកកែច្នៃជាប្រភេទឈើលេខ១ខុសច្បាប់ ដើម្បីយកទៅលក់បន្តឲ្យឈ្មួញនានានៅតាមបណ្តាខេត្ត និងនៅរាជធានីភ្នំពេញ តែដោយមានប្រជាពលរដ្ឋរាយការណ៍ឲ្យដឹងពីសកម្មភាពធ្វើអាជីវកម្មខុសច្បាប់បែបនេះ ទើបសមត្ថកិច្ចចុះទៅបង្រ្កាបតែម្តងទៅ ៕ ប្រាថ្នា