ដូចអ្វីដែលអ៊ីរ៉ង់ និងក្រុមឧទ្ទាមនៅតំបន់មជ្ឈិមបូព៌ា បានប្រកាសថា ទាហានអាមេរិកនៅតំបន់មជ្ឈិមបូព៌ាមិនមានសុវត្ថិភាពនោះឡើយ។ កន្លងមកទីតាំងអាមេរិករងការវាយប្រហារជាបន្តបន្ទាប់ ។ នៅពេលនេះ មីស៊ីល៥គ្រាប់បានធ្លាក់ក្នុងតំបន់ជិតទីតាំងទាហានអាកាស al-Qayyarah របស់អាមេរិក នៅក្នុងប្រទេសអីរ៉ាក់ កាលពីយប់ថ្ងៃទី៣១ ខែមករា។ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ថា តើមានអ្នកស្លាប់ និងរងរបួសក្នុងការវាយប្រហារនោះដែរឬទេ ។
ទីតាំងយោធា al-Qayyarah ជាកន្លែងឈរជើងរបស់កម្លាំងទាហានអាមេរិក សម្រាប់ប្រតិបត្តិការណ៍វាយប្រហារទៅលើក្រុមភេរវកម្ម។ ទីតាំងនេះស្ថិតនៅចម្ងាយពីទីក្រុង Mosul ៦៤គីឡូម៉ែត្រ និងឆ្ងាយពីទីក្រុងបាតដាដ៣០០គីឡូម៉ែត្រ។
កាលពីថ្ងៃ ទី៨ ខែមករា អ៊ីរ៉ង់បានបាយប្រហារដោយមីស៊ីលទៅលើទីតាំងពីរកន្លែងរបស់អាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ គឺទីតាំង Eribil និង Al Asad ដើម្បីសងសឹកដល់ការស្លាប់របស់មេទ័ព Soleimani ដែលត្រូវអាមេរិកសម្លាប់កាលពីថ្ងៃទី៣ខែមករា។ការវាយប្រហាររបស់អ៊ីរ៉ង់ បណ្តាលឲ្យទាហានអាមេរិកសរុប ៦៤នាក់រងរបួសខួរក្បាលដោយសារតែសំឡេងផ្ទុះខ្លាំងពេក។
ជាមួយគ្នានេះរដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំបានព្រមានថានឹងវាយប្រហារ នឹងដាក់ទណ្ឌកម្ម ទៅលើប្រទេសអ៊ីរ៉ាក់ ប្រសិនបើប្រទេសនេះបណ្តេញទាហានអាមេរិកចេញពីទឹកដីអ៊ីរ៉ាក់នោះ ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតកងទ័ពសម្ពន្ធមិត្តអន្ដរជាតិ ប្រឆាំងនឹងក្រុមនិយមជ្រុល បានថ្លែង កាលពីថ្ងៃទី៣១ ខែមករា បានប្រកាសថា កងទ័ពអ៊ីរ៉ាក់ បានព្រមព្រៀង បន្ដចូលរួមប្រតិបត្ដិការប្រឆាំងនឹងក្រុមភេរវករ ISIS ហើយកិច្ចព្រមព្រៀងនេះ បានកើតឡើង ក្រោយពេលកងទ័ពអ៊ីរ៉ាក់ ផ្អាកអស់រយៈពេល៤សប្ដាហ៍ ដើម្បី ឆ្លើយតបនឹងអាមេរិក សម្លាប់មេទ័ពកំពូលរបស់អ៊ីរ៉ង់។
កងទ័ពអ៊ីរ៉ាក់ បានប្រកាសផ្អាកចូលរួមប្រតិបត្ដិការយោធាជាមួយនឹងកងទ័ពសម្ពន្ធមិត្ត ដែលដឹកនាំដោយអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ចាប់តាំងពីកងទ័ពអាមេរិក បានសម្លាប់លោក Qassem Soleimani នៅជិតអាកាសយានដ្ឋានអន្ដរជាតិបាដាដ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ ក្រោយហេតុការណ៍នោះផ្ទុះឡើង សភាអ៊ីរ៉ាក់ ក៏បានអនុម័តឲ្យរដ្ឋាភិបាល បណ្ដេញកងទ័ពបរទេសចេញពីទឹកដីរបស់ខ្លួន។ ស្របគ្នានោះ កងទ័ពអ៊ីរ៉ាក់ ក៏បានប្រកាស មិនចូលរួមប្រតិបត្ដិការជាមួយនឹងកងទ័ពអាមេរិក និងសម្ពន្ធមិត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ISIS ហើយទើបតែពេលនេះ កងទ័ពអ៊ីរ៉ាក់ បានព្រមព្រៀងចូលរួមឡើងវិញ។
មន្រ្ដីអាមេរិក បានបញ្ជាក់ថា អាមេរិក បានបង្ហាញគោលជំហរយ៉ាងច្បាស់លាស់ ចំពោះការបន្ដវត្ដមានរបស់កងទ័ពសម្ពន្ធមិត្ត ដើម្បីប្រយុទ្ធនឹងក្រុម ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់។ ប៉ុន្ដែរហូតមកដល់ពេលនេះ អាមេរិកមានកងទ័ពប្រហែល៥២០០នាក់ កំពុងឈរជើង នៅក្នុងមូលដ្ឋានកងទ័ពនានា នៅពាសពេញប្រទេសអ៊ីរ៉ាក់។ រីឯកងទ័ពទាំងនោះ ក៏បានជួយហ្វឹកហ្វឺនដល់កងទ័ពរបស់អ៊ីរ៉ាក់ផងដែរ។
អ៊ឺរ៉ាក់ បានប្រកាសពីជ័យជម្នះរបស់ខ្លួន លើក្រុមរដ្ឋអ៊ីស្លាម នៅចុងឆ្នាំ២០១៧ បន្ទាប់ពីវាយដណ្ដើមយកមកគ្រប់គ្រងវិញ នៅដែនដែលពួកក្រុមជ្រុលនិយម រឹបអូសយកទៅគ្រប់គ្រង កាលពីដើមឆ្នាំ២០១៤។ កងទ័ពអាមេរិក បានវាយប្រហារតាមអាកាស និងតាមផ្លូវគោក ជួយទ្រទ្រង់ដល់កងទ័ពអ៊ីរ៉ាក់ ដើម្បីយកជ័យជម្នះលើក្រុមជ្រុលនិយម។ ប៉ុន្ដែទំនាក់ទំនងរវាងអាមេរិក បានចាប់ផ្ដើមល្អក់កករ ក្រោយពេលអាមេរិកសម្លាប់មេទ័ពអ៊ីរ៉ង់ ហើយអ៊ីរ៉ង់ ក៏បានវាយប្រហារសងសឹកទៅលើមូលដ្ឋានកងទ័ពអាមេរិក នៅលើទឹកដីអ៊ីរ៉ាក់ កាលពីថ្ងៃទី៨ ខែមករា៕