ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋរងគ្រោះអគ្គិភ័យ៧គ្រួសារ ត្រូវគណៈកម្មការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជួន

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ​ ២០២០នេះ​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយ លោក សក់ ចន្ទ័កញ្ញារិទ្ធ ប្រធានគណៈកម្មាធិការអនុសាខា ព្រមទាំងក្រុមការងារ បានចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន យកទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យចំនួន ០៧គ្រួសារ កាលពីវេលាម៉ោង១៦:៣០ល្ងាច ថ្ងៃទី១ ខែកុម្ភៈ ស្ថិតនៅក្រុមទី១០ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

លោកប្រធានគណៈកម្មាធិការអនុសាខា​ បានពាំនាំនូវការចូលរួមសោកស្តាយពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសាររងគ្រោះ និងសូមឲ្យមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឲ្យតែនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ហើយកាកបាទក្រហមកម្ពុជាយើងតែងតែជួយដល់បងប្អូនប្រជាពលរដ្ឋជានិច្ចនៅពេលជួបប្រទះនូវការលំបាកដោយប្រការផ្សេងៗ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ៦០គីឡូក្រាម មី១កេស តង់១ ទឹកផ្លែឈើ១កេស ទឹកបរិសុទ្ធ១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ស្ករស២គីឡូក្រាម ទឹកដោះគោខាប់៨កំប៉ុង សម្ភារៈផ្ទះបាយ៥មុខ និងថវិកាចំនួន៣០ម៉ឺនរៀល៕ ចាន់លីហ្សា


ចែករំលែក៖