ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះព្រៃជាច្រើនកន្លែងសង្ស័យមានគេលួចដុតដើម្បីរានព្រៃយកដីធ្វើចម្ការ និងកាប់ឈើអារលក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ ភ្លើងឆេះព្រៃនេះ មន្រ្តីបរិស្ថានខេត្តក៏ដូចជាមន្រ្តីអភិរក្សសត្វព្រៃ និងព្រៃឈើ (MJP) មានការព្រួយបាម្ភយ៉ាងខ្លាំង ចំពោះបញ្ហាព្រៃឈើ ពលរដ្ឋមួយចំនួន បាននាំគ្នាលួចដុតព្រៃរានយកដីដាំដំណាំធ្វើ ចម្ការ និងមានករណីភ្លើងឆេះព្រៃខ្លួនឯងជាដើម ពិតជាធ្វើឲ្យមន្រ្តីជំនាញមានការឈឺ ក្បាលវិលមុខ និងខិតខំចុះល្បាត ព្រមទាំងនាំគ្នាពន្លត់យ៉ាងសស្រាក់សស្រាំ ហើយរហូតមកដល់ពេលនេះមានការឆេះព្រៃចំនួនជាង១០កន្លែង ក៏ត្រូវបានជួយពន្លត់ទាន់ពេលវេលាផងដែរ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីចុងខែមករា និង នៅដើមខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅចំណុចអូរស្លេវ៥កន្លែង ក្នុងក្រៅពីនេះ គឺឆេះនៅក្នុងភូមិដីក្រហម ភូមិអូរប្រើសក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។

បើតាមប្រភពព័ត៌មានពីលោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឲ្យដឹងថា រហូតមកដល់ដើមឆ្នាំ២០២០នេះករណីប្រជាពលរដ្ឋលួចដុតព្រៃ រានយកដី ,កាប់ឈើអារលក់ និងករណីភ្លើងឆេះព្រៃនៅតំបន់អភិរក្សមានការកើនឡើង រហូតដល់ជាង១០កន្លែង ដោយកន្លែងខ្លះ ត្រូវបានគេលួចដុតព្រៃ ហើយប្រជាពលរដ្ឋជួយពន្លត់ទាន់ពេលវេលា កន្លែងខ្លះទៀត ត្រូវកម្លាំងបរិស្ថាន និងមន្រ្តីអភិរក្សសត្វព្រៃ (MJP) ចុះទៅជួយអន្តរាគមន៍ពន្លត់ទាន់ពេលវេលាផងដែរ ។ លោកបន្តទៀតថា កន្លែងដែលភ្លើងឆេះច្រើនជាងគេ គឺនៅចំណុចដើមគគីប្រហោង ចំណុចអូរស្លេវ ក្នុងភូមិភ្នំដំបង,សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខណ:នៅតំបន់នេះ មានអ្នកលួចកាប់រានព្រៃយកដីធ្វើចម្ការក៏មានកាន់តែច្រើនឡើង ។ លោកបញ្ជាក់ទៀតថា ពេលខ្លះ ត្រូវគេលួចដុតថ្ងៃ ខណ:ស្ងាត់មនុស្ស ហើយក៏មានគេលួចដុតពេលយប់បន្ទាប់ពីមន្រ្តីរបស់លោកត្រឡប់ទៅផ្ទះវិញ ។

តែទោះបីជាយ៉ាងណាឲ្យតែខាងលោកដឹងដំណឹងថា មានករណីភ្លើងឆេះព្រៃគឺលោកតែងតែបញ្ជាមន្រ្តីក្រោមឱវាទឲ្យចុះទៅជួយពន្លត់ដើម្បីរក្សាព្រៃឈើដែលនៅសេសសល់តិចតូចទាំងនោះឲ្យនៅគង់វង្សបន្តទៀត ។

លោកក៏មានសំណូមពរដល់ប្រជាពលរដ្ឋផងដែរថា សូមកុំបន្តនាំគ្នាលួចកាប់ និងដុតព្រៃរានយកដីធ្វើជាកម្មសិទ្ធិខ្លួនទៀតព្រោះវាមានផលប៉ះពាល់ដល់បរិស្ថាន និងប៉ះពាល់ដល់សត្វដែលរស់នៅក្នុងព្រៃផងដែរ ។ ម្យ៉ាងវិញទៀតបើអស់ព្រៃឈើ និងធ្វើឲ្យអាកាសធាតុក្តៅខ្លាំងធ្វើឲ្យបាត់លំ និងអាកាសធាតុជួនកាលក្លាយទៅជាខ្យល់ព្យុះជាដើម ។ ដូច្នេះបើបំផ្លាញធម្មជាតិ នៅពេលក្រោយ ធម្មជាតិ និងធ្វើបាបតបស្នងមកយើងវិញជាក់ជាមិនខាន ។

បើសិនជាពលរដ្ឋចង់ឲ្យមានភ្លៀងច្រើន ឬអាកាសធាតុមានលំ និងត្រូវតែខិតខំនាំគ្នាបន្តដាំកូនឈើនៅជុំវិញផ្ទះ នៅតាមចម្ការ និងក្បែរៗដងផ្លូវតាមទីសារណ:ឲ្យច្រើនព្រោះរុក្ខជាតិទាំងនោះអាចទាក់ទាញទឹកភ្លៀង និងមានលំ និងអាកាសធាតុផងដែរ ៕ ស សារ៉េត


ចែករំលែក៖