ខេត្តឧត្ដរមានជ័យ៖ វេលាម៉ោង០៧:០០នាទី ថ្ងៃទី១ ខែគុម្ភ: ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលថ្មដូន ចំណុះឲ្យ ប៉ុស្ដិ៍នគរបាល វរៈការពារព្រំដែនគោកលេខ ៧០២ ចំនួន ០៤នាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក ប៉ោង គាំ នាយប៉ុស្តិ៍ស្ដីទី បានចេញល្បាតទៅត្រួតពិនិត្យកន្លែងដែលទាហានថៃដាក់លួសបន្លាចាស់ នៅ ចំណុច UA(20873.87270) ភូមិសាស្រ្តប៉ុស្តិ៍ថ្មដូន ឃុំគោកមនស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ដែលកម្លាំងកម្ពុជាបានឲ្យទាហានថៃរុះរើចេញកាលពីពេលកន្លងទៅ ។
សមត្ថកិច្ចបានឲ្យដឹងថា៖ កម្លាំងកម្ពុជាបានពិនិត្យឃើញ ទាហានថៃ បានយកលួសបន្លា មកដាក់សាជាថ្មី ឡើងវិញ និងបានពង្រាយប្រវែង ១០០ម៉ែត្រ ចម្ងាយពី ចំណុចចាស់ មកទិសខាងត្បូងប្រហែល ២០ម៉ែត្រ ។
សមត្ថកិច្ចបានបន្តរថា៖ ពេលកម្លាំងកម្ពុជាត្រឡប់មកវិញបានជួនទាហានថៃចំនួន០៨នាក់ ដឹកនាំដោយលោក អនុសេនីយ៍ត្រី និកន កេនថាក់វី មេបញ្ជាការកងអនុសេនាតូចលេខ៣ កងអនុសេនាធំលេខ១ វ.ត ២២ ប៉ារ៉ា និង ទាហានផ្នែកសឹងរងក្រុងសំរោងចំនួន៣នាក់ ដឹកដោយ លោក អនុសេនីយ៍ត្រី ឡេន ឡន មេបញ្ជាការកងអនុសេនាធំលេខ២ នៅត្រង់ចំណុចស្រះទឹក តាឃួន និងបានពិភាក្សា ដោះស្រាយគ្នា រយៈពេល១០នាទី ដោយទាហានថៃបានសន្យាថា នឹងរុះរើចេញវិញនៅថ្ងៃនេះ ៕ ប៉ែន នួន