នៅសាលាបឋមសិក្សាមួយកន្លែងក្នុងប្រទេសកេនយ៉ា មានហេតុការណ៍ផ្អើលរត់ជាន់គ្នាបណ្តាលឲ្យសិស្សសាលាតូចៗ បាត់បង់ជីវិត១៤នាក់ និង៣៩នាក់ផ្សេងទៀតរងរបួស ។ មន្ត្រីក្នុងតំបន់បានបញ្ជាក់ថា មិនដឹងមូលហេតុការផ្អើលរត់ជាន់គ្នានេះឡើយ ប៉ុន្តែអាចបណ្តាលមកពី«ភ័យខ្លាច»។
ប្រភពមន្ត្រីកេនយ៉ាបានបញ្ជាក់ថា ឧបទ្ទវហេតុនេះកើតឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅទីក្រុង កាកាមេហ្គា (Kakamega)ភាគខាងលិចរបស់ប្រទេសកេនយ៉ា នៅសាលាបមឋសិក្សាកាកាមេហ្គា ។
បើតាមលោកស្រី Anne Ngetich អភិបាលក្រុង កាកាមេហ្គា បានបញ្ជាក់ថា មូលហេតុផ្អើលរត់ជាន់គ្នានេះមិនទាន់ដឹងច្បាស់លាស់ ខណៈដែលការស៊ើបអង្កេតកំពុងដំណើរការ ហើយថា វាអាចកើតឡើងដោយសារតែកត្តា«ភ័យខ្លាច» ។ «ខ្ញុំដឹងថា បងប្អូន កូចៅសិស្សសាលាទាំងនេះតែងតែប្រើប្រាស់នូវច្រកចេញ ចូល តែមួយ, តើមានអ្វីបានកើតឡើងនៅថ្ងៃនេះ មិនមានការផ្ទុះគ្រាប់បែកអ្វីនោះទេ»។
គួរបញ្ជាក់ថា សិស្សសាលាទាំងអស់បាននាំគ្នាចាកចេញពីសាលាត្រឡប់ទៅផ្ទះវិញ នៅពេលដែលហេតុការណ៍ផ្អើលរត់ជាន់គ្នានេះបានកើតឡើង ។ ឪពុកម្តាយសិស្ស នាំគ្នាយំសស្រាក់ ទឹកភ្នែករហាមខណៈឃើញកូនៗរបស់ខ្លួនរងរបួស រហូតដល់បាត់បង់ជីវិតដោយសារតែហេតុការណ៍មួយដែលមិនស័ក្តិសមថា នឹងបណ្តាលឲ្យបាត់បង់ជីវិតនោះ ។ ប៉ុន្តែយ៉ាងណាក៏ដោយ វាបានកើតឡើងទៅហើយ គឺមានតែព្រមទទួលយកតាមកម្មផលរៀងៗខ្លួន ។
បញ្ហាសុវត្ថិភាពនៅតាមសាលារៀនកំពុងក្លាយជាបញ្ហាសម្រាប់មាតាបិតាអាណាព្យាបាលសិស្សនៅប្រទេសកេនយ៉ា ។ គ្រោះថ្នាក់កើតឡើងជាបន្តបន្ទាប់ ។ ថ្មីៗកន្លងទៅនេះមានព័ត៌មានថា សិស្ស២នាក់បានស្លាប់ដោយសារការធ្វេសប្រហែសរបស់សាលា ។ សិស្ស២នាក់ផ្សេងទៀតបាត់ខ្លួន ។ កាលពីខែកញ្ញា ឆ្នាំ២០១៩ សិស្សបឋមសិក្សា៧នាក់បានស្លាប់ ពេលដែលអគារសាលារៀនបាក់រលំសង្កត់លើ ៕