ព័ត៌មានទាន់ហេតុការណ៍៖

នៅកេនយ៉ា សិស្សសាលាជាច្រើននាក់ ផ្អើលរត់ជាន់គ្នា ស្លាប់ និងរបួស​

ចែករំលែក៖

នៅសាលាបឋមសិក្សា​មួយកន្លែង​ក្នុងប្រទេសកេនយ៉ា​ មានហេតុការណ៍ផ្អើលរត់ជាន់គ្នា​បណ្តាលឲ្យសិស្សសាលាតូចៗ ​បាត់បង់ជីវិត១៤នាក់ និង​៣៩នាក់ផ្សេងទៀត​រងរបួស ។ មន្ត្រីក្នុង​តំបន់​បានបញ្ជាក់ថា មិនដឹងមូលហេតុ​ការផ្អើលរត់ជាន់គ្នា​នេះឡើយ ប៉ុន្តែ​អាចបណ្តាលមកពី«ភ័យខ្លាច»។

ប្រភពមន្ត្រីកេនយ៉ាបានបញ្ជាក់ថា​ ឧបទ្ទវហេតុនេះ​កើតឡើង​នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅ​ទីក្រុង កាកាមេហ្គា (Kakamega)​ភាគខាងលិច​របស់ប្រទេសកេនយ៉ា នៅសាលាបមឋសិក្សា​កាកាមេហ្គា ។

បើតាមលោកស្រី Anne Ngetich អភិបាលក្រុង កាកាមេហ្គា បានបញ្ជាក់ថា មូលហេតុ​ផ្អើលរត់ជាន់គ្នានេះ​មិនទាន់ដឹងច្បាស់លាស់ ខណៈដែលការស៊ើបអង្កេតកំពុងដំណើរការ ហើយថា វាអាចកើតឡើងដោយសារតែកត្តា«ភ័យខ្លាច» ។ «ខ្ញុំ​ដឹងថា បងប្អូន​ កូចៅសិស្សសាលា​ទាំងនេះ​តែងតែប្រើប្រាស់​នូវច្រកចេញ ចូល តែមួយ, តើមានអ្វីបានកើតឡើងនៅថ្ងៃនេះ មិនមានការផ្ទុះគ្រាប់បែក​អ្វីនោះទេ»។

គួរបញ្ជាក់ថា សិស្សសាលាទាំងអស់បាននាំគ្នាចាកចេញពីសាលា​ត្រឡប់ទៅផ្ទះវិញ នៅពេលដែលហេតុការណ៍​ផ្អើលរត់ជាន់គ្នានេះបានកើតឡើង ។ ឪពុកម្តាយ​សិស្ស​ នាំគ្នាយំសស្រាក់ ទឹកភ្នែក​រហាម​ខណៈឃើញ​កូនៗរបស់ខ្លួន​រងរបួស រហូតដល់បាត់បង់ជីវិត​ដោយសារតែ​ហេតុការណ៍​មួយដែលមិនស័ក្តិសមថា នឹងបណ្តាលឲ្យបាត់បង់ជីវិតនោះ ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ វាបានកើតឡើង​ទៅហើយ គឺមានតែព្រមទទួលយក​តាមកម្មផលរៀងៗខ្លួន ។

បញ្ហាសុវត្ថិភាពនៅតាមសាលារៀន​កំពុងក្លាយជាបញ្ហា​សម្រាប់មាតាបិតាអាណាព្យាបាលសិស្ស​នៅប្រទេសកេនយ៉ា ។ គ្រោះថ្នាក់កើតឡើងជាបន្តបន្ទាប់ ។ ថ្មីៗកន្លងទៅនេះ​​មានព័ត៌មានថា សិស្ស​២នាក់​បានស្លាប់ដោយសារការធ្វេសប្រហែស​របស់សាលា ។ សិស្ស២នាក់ផ្សេងទៀត​បាត់ខ្លួន ។ កាលពីខែកញ្ញា ឆ្នាំ២០១៩ សិស្សបឋមសិក្សា​៧នាក់​បានស្លាប់ ពេលដែលអគារសាលារៀនបាក់រលំ​សង្កត់​លើ ៕


ចែករំលែក៖