ខេត្តមណ្ឌលគិរី៖ ប្រធានមន្ទីរមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភគ៌ បានប្រាប់តាមទូរសព្ទនៅព្រឹកថ្ងៃទី០៣ កុម្ភៈ ថា នៅដើមឆ្នាំ២០២០ ពោលគឺរយៈពេលប្រមាណ ១ខែមកនេះ មន្ត្រីឧទ្យានុរក្សចុះល្បាត និងបង្ក្រាបបទល្មើសសត្វ ព្រៃចំនួន០៥ករណី និងឃាត់ខ្លួនមនុស្ស៥នាក់ ព្រមទាំងដកហូតវត្ថុ តាងមួយចំនួន ។
ប្រធានមន្ទីរមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បន្តថា ចំពោះករណីទាំង៥ខាងលើ មន្ទីរបរិស្ថានបានបញ្ជូនសំណុំរឿងទៅ តុលាការចំនួន០៣ករណី និងពិន័យអន្តរការណ៍ចំនួន០២ករណី ដោយក្នុងចំណោមបទល្មើសសត្វព្រៃទាំងប៉ុន្មាននេះ មាន៤ករណីជាការអន្ទាក់សត្វព្រៃ និង១ករណីគឺការបរបាញ់សត្វស្វា ។
លោក កែវ សុភគ៌ បន្តទៀតថា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញ សាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចឃុំខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីបរបាញ់សត្វស្វាកន្ទុយស ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ តាមបញ្ញត្តិនៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ និងបទកាន់កាប់អាវុធដោយខុសច្បាប់ តាមមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទឈ្មោះ លី ឯក ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា ចាប់ឃាត់ខ្លួនបានជាមួយវត្ថុតាងជាក់ស្ដែង ខណៈជននេះ បានបាញ់សត្វស្វាកន្ទុយស១ក្បាល(ងាប់) រួចដឹកតាមម៉ូតូ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅត្រង់ចំណុចភ្នំស្រឡៅ ឋិតក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា។
បច្ចុប្បន្នសំណាកសត្វស្វាកន្ទុយស ត្រូវបានដុតកម្ទេច រីឯវត្ថុតាងជាក់ស្ដែង(ម៉ូតូ១គ្រឿងនិងអាវុធ១ដើម)ត្រូវបានរក្សាទុកបណ្ដោះអាសន្ន នៅស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា ចំណែកជនត្រូវចោទត្រូវបានឃុំខ្លួនដាក់ពន្ធនាគារ។
សូមបញ្ជាក់ថា ទោះបីមន្ត្រីឧទ្យានុរក្សខេត្តមណ្ឌលគិរី ខិតខំក្នុងការល្បាតព្រៃ ដោះអន្ទាក់សត្វព្រៃ និងបង្ក្រាបបាន បទល្មើសទាំងនេះជាបន្តបន្ទាប់យ៉ាងណាក្ដី ក៏នៅតែមានជនឆ្លៀតឱកាសលបលួចបរបាញ់ដាក់អន្ទាក់សត្វព្រៃជារឿយៗ ហើយជុំវិញការបង្ក្រាបបទល្មើសសត្វព្រៃ មន្ត្រីជំនាញមានការប្រឈមយ៉ាងខ្លាំង ព្រោះជនល្មើសទាំងនោះភាគច្រើនមាន អាវុធជាប់និងខ្លួន ដោយកន្លងមកមន្ត្រីឧទ្យានុរក្សខេត្តមណ្ឌលគិរី ធ្លាប់រងរបួសដោយគ្រាប់កាំភ្លើងក្នុងពេលប្រយុទ្ធជាមួយ ក្រុមបរបាញ់សត្វព្រៃនោះទៀតផង ៕ ហេង សូរិយា