ខេត្តបន្ទាយមានជ័យ៖ តាមក្ដីរាយការណ៍ពីក្រុមអក្សភិរក្ស័ប្រាប់ថា រូបចម្លាក់តោថ្មចំនួន៤ ដែលកប់ជ្រៅទៅក្នុងដីរាប់ពាន់ឆ្នាំ ត្រូវបាក្រុមការងាររុករកប្រទះឃើញនៅក្បែរកំពង់ទឹកបុរាណមួយកន្លែង នៅខាងជើងស្ពាន ភ្ជាប់និស្ស័យបារាយណ៍មេបុណ្យ ស្ថិតក្នុងភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ការប្រទះឃើញតោថ្មបុរាណនេះ ខណៈ ដែលក្រុមជាងសហគមន៍ប្រាសាទបន្ទាយឆ្មារ បានកាយ រៀបចំតំបន់ទេសចរណ៍ នៅតំបន់នោះក្រោមការឧបត្ថម្ភពី លោកស្រីម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ។
ជុំវិញការប្រទះឃើញនេះ លោក ម៉ៅ ស៊ី ប្រធានសហគមន៍ប្រាសាទបន្ទាយឆ្មារ បានឲ្យដឹងថា៖ រូបចម្លាក់តោថ្មទាំង៤នេះ ត្រូវបានក្រុមជាងសហគមន៍ប្រាសាទបន្ទាយឆ្មារ កាយកែលម្អរសោភ័ណភាពបារាយណ៍មេបុណ្យនៅកំពង់បុរាណចាស់ ក៏ប្រទះឃើញជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី០២-០៣ ខែកុម្ភៈ ឆ្នាំ២០២០ ជាបន្តបន្ទាប់ ។ រូបចម្លាក់សត្វតោទាំង៤នោះ មានមួយនៅរក្សាបាននូវសោភ័ណភាពល្អទាំងស្រុង ។
លោក ម៉ៅ ស៊ី បានបញ្ជាក់ថា៖រូបចម្លាក់តោថ្មទាំងនេះ គឺត្រូវបានកសាងឡើងតាមរចនាបថនាសម័យអង្គរ ធ្វើអំពីថ្មភក់ ដែលរូបតោនិមួយៗមានទម្ងន់ជាង១តោន ។
សូមបញ្ជាក់ថា ក្រោយពីបានធ្វើកំណាយនិងស្ទួចយកចេញពីក្រោមដីរួចមក នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានដឹកនាំក្រុមការងារ រៀបចំធ្វើពិធីក្រុងពាលី សែនព្រេន បួងសួង ដើម្បីសុំសេចក្តីសុខ ចម្រើនដល់ពលរដ្ឋខ្មែរទូទាំងប្រទេសផងដែរ ៕ វណ្ណា