ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបមិនបានសម្រេច រត់ចោលម៉ូតូបាត់ ស្រាប់តែលេចមុខយុវជនម្នាក់ មកយកម៉ូតូ ត្រូវប៉ូលិសឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីសង្ស័យថា ជាប់ពាក់ព័ន្ធ នឹងករណីជិះម៉ូតូចំនួន១គ្រឿង បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់ កំពុងជិះម៉ូតូជាមួយបុរសម្នាក់ទៀតមិនបានសម្រេច បណ្ដាលជនសង្ស័យជិះម៉ូតូដួលទុកចោលរត់គេចខ្លួនបាត់ ស្រាប់តែលេចមុខយុវជនម្នាក់មកយកម៉ូតូ កាលពីវេលាម៉ោង ៩ និង ៣០ នាទីយប់ ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅចំណុចជាប់របងសាលាវិទ្យាល័យជាស៊ីមសាមគ្គីតាមបណ្តោយផ្លូ ២៧១ស្ទួន ក្នុងសង្កាត់បឹងសាឡាន ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ដឹក ឆៃឌី ភេទប្រុស អាយុ ១៨ ឆ្នាំមុខរបរ សិស្សវិទ្យាល័យជាសុីម សន្ធរមុក ថ្នាក់ទី 9H ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះមានឈ្មោះ យ៉េត សៅនី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នក សារព័ត៌មានពន្លឺ ញូ ។

តាមប្រភពព័ត៌មានពីនារីជាជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានរូមដំណើរជាមួយបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា វ៉េវពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ធំ 1C-3380 ធ្វើដំណើរទៅដៅពីកើតទៅលិចលុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកមជាច្រើននាក់ជិះម៉ូតូចំនួន ៣ គ្រឿងមកពីក្រោយ ស្រាប់តែសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ឌ្រីម សង់ ស៊េរីឆ្នាំ ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1I-8073 បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីរូបគាត់ មិនបានសម្រេច ភ្លាមៗនោះ រូបគាត់បានស្រែកផ្អើលឆោឡោធ្វើឲ្យជនសង្ស័យមានការភ័យស្លន់ស្លោបានជិះម៉ូតូដួលរួចរត់គេចខ្លួនបាត់ ។

បន្ទាប់មក ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗបន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ស្រាប់តែលេចមុខយុវជនម្នាក់បានមកយកម៉ូតូដោយមានការសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។

នៅចំពោះមុខសមត្ថកិច្ចយុវជនដែលត្រូវជាប់សង្ស័យបានប្រាប់សមត្ថកិច្ចថា ម៉ូតូរបស់ខ្លួនត្រូវបានមិត្តភក្តិខ្ចីជិះរយៈពេលពីរថ្ងៃមកហើយ ហើយបន្ទាប់ពីកើតហេតុរួចមិត្តភក្កិដែលខ្ចីម៉ូតូជិះបានរត់ទៅប្រាប់ខ្លួនថា ឲ្យទៅយកម៉ូតូនៅក្បែរសាលារៀនសាមគ្គីផងស្រាប់តែមកដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យ និងជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងដើម្បីជនរងគ្រោះដាក់ពាក្យបណ្ដឹងចំណែកជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកំពុងសួរនាំបន្ត ៕ សុខាសែនជ័យ


ចែករំលែក៖