ព័ត៌មានទាន់ហេតុការណ៍៖

ដុតកាំជ្រូចធ្វើបុណ្យ ធ្លាក់កម្ទេចភ្លើងចំពំនូកចំបើងឆេះផ្អើលពិធីបុណ្យលែងសប្បាយ

ចែករំលែក៖

ខេត្តកំពង់ចាម៖ ពិតជាចៃដន្យមែន ខណៈដែលប្រជាជនក្នុងភូមិសប្បាយរីករាយដោយការដុតកាំជ្រួចធ្វើបុណ្យក្នុងភូមិនោះ ស្រាប់តែកម្ទេចភ្លើងកាំជ្រួចធ្លាក់ត្រូវពំនូកចំបើងដ៏ធំមួយ បណ្តាលឲ្យក្លាយជាអគ្គិភ័យឆេះចំបើងយ៉ាងសន្ធោសន្ធៅចង់រាលដាលដល់ផ្ទះប្រជាពលរដ្ឋ នាំគ្នាផ្អើលឆោឡោដងទឹកចះពន្លត់ និងខ្លះទៀតទូរស័ព្ទហៅរថយន្តពន្លត់អគ្គិភ័យចែ្មកជួយធ្វើអន្តរាគមន៍ភ្លាមៗ ។

ហេតុការណ៍នេះកើតឡើង កាលពីព្រលប់ថ្ងៃ ចន្ទ ១០ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចក្នុងភូមិតាំងស្រី ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម ។

ប្រភពព័ត៌មានពីកន្លែងកើតបានឲ្យដឹងថា នៅមុនពេលកើតហេតុកនៅក្នុងភូមិតាំងស្រី មានរៀបចំធ្វើបុណ្យមួយរបស់អ្នកភូមិម្នាក់ ហើយក្នុងនោះក្រុមគ្រួសារក៏បានរៀបចំបាញ់កាំជ្រួចសម្តែងការសប្បាយផងដែរ ។ ខណៈពេលបាញ់កាំជ្រួចនោះស្រាប់តែ កម្ទេចភ្លើងកាំជ្រួចធ្លាក់ត្រូវពំនូកចំបើងដ៏ធំមួយកម្ពស់ជាង៣ម៉ត្រ របស់ឈ្មោះ ឃ្លាំង យន់ ភេទប្រុស អាយុ៧០ឆ្នាំ បណ្តាលឲ្យក្លាយជាអគ្គិភ័យឆេះចំបើងយ៉ាងសន្ធោសន្ធៅតែម្តង ។

ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាល ស្រុកបាធាយ ១គ្រឿង បានទៅជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ដោយប្រើទឹកអស់ចំនួន១ស៊ីទែន ទើបភ្លើងរលត់ជាស្ថាពរមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ៕ ប្រាថ្នា


ចែករំលែក៖