ភ្នំពេញ៖ ថ្មីៗនេះ អតីតអ្នកនិពន្ធនៅផលិតកម្មថោនលោក យឹម តាស្រង់ បានបង្ហោះសាររីករាយមួយគ្រាដែរ តារាចម្រៀងពន្លកថ្មីរបស់ផលិតកម្ម កាឡាក់ស៊ី កញ្ញា តន់ ច័ន្ទសីម៉ា ចែក២០ភាគរយឲ្យរាល់ពេលឡើងកម្មវិធីប្រគំតន្ត្រី និងថតស្ប៉តនានា ។ បញ្ចេញសារមិនបានប៉ុន្មានផងស្រាប់តែតារាចម្រៀង និងជាមនុស្សមានឥទ្ធិពលប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ បង្ហោះសារស៊កសៀតចាក់ដោតមួយដែលគេសង្ស័យថាសំដៅតបទៅលោក យឹម តាស្រង់ ។
គេចាំបានថាអ្នកនិពន្ធល្បីឈ្មោះ លោក យឹម តាស្រង់ បានចាកចេញពីផលិតកម្មថោន ជាង២ឆ្នាំមកហើយ ពោលគឺក្រោយពីលោកលេចមុខនិពន្ធ និងគ្រប់គ្រងការងារមួយចំនួននៅផលិតកម្មកាឡាក់ស៊ី របស់លោក ឧកញ៉ា ឡេងណាវ៉ាត្រានោះ ។
នៅពីក្រោយការចាកចេញនេះក៏ត្រូវបានគេសង្ស័យថាក្រោយលេចចេញទំនាស់ដ៏ស្រួចស្រាវមួយរវាងផលិតកម្មថោន និងអ្នកនិពន្ធលេចធ្លោររូបនេះផងដែរ ។ សាររីករាយមួយដែលគេចាត់ទុកថាជាលើកដំបូងនៅកម្ពុជាដែលអ្នកនិពន្ធរូបនេះបញ្ចេញក៏បានធ្វើឲ្យលោក ករុណា ពេជ្រ បានបញ្ចេញសារតបនៅលើហ្វេសប៊ុកថា បើគិតមកដល់ពេលនេះខ្លួនបានចូលប្រឡូកសិល្បៈជិត១៦ឆ្នាំហើយ ។ ដូច្នេះថ្ងៃនេះលោក សុំបញ្ចេញមតិយោបល់ដែលជាគំនិតផ្ទាល់ខ្លួនថា ប្រសិនបើចំណូលរកបានពីសិល្បៈនៅកន្លែងដែលផលិតកម្មមួយបានបណ្ដុះបណ្ដាលរូបលោក ឲ្យមហាជនបានស្គាល់ហើយមកទាមទារកាត់ ១០ ទៅ២០ភាគរយនោះខ្លួន និងជូនដោយក្ដីរីករាយព្រោះផលិតកម្មបានចំណាយថវិកាលើបុគ្គលិកគ្រប់ជាន់ថ្នាក់ ។
ក្នុងនោះមានអ្នកនិពន្ធ ក្រុមបច្ចេកទេស បុគ្គលិកទីផ្សារ និងសម្ភារផ្សេងៗទៀត អាចធ្វើឲ្យតារាចម្រៀងមានកេរ្តិ៍ឈ្មោះ ហើយអ្នកចម្រៀងល្បីបទក៏ល្បី ក្រុមការងារគ្រប់ជាន់ថ្នាក់ក៏សប្បាយចិត្តតាមស្នាដៃរៀងៗខ្លួនដូចគ្នា ។ ប៉ុន្តែមានបុគ្គលក្នុងផលិតកម្មមួយចំនួនចង់ស៊ីភាគរយលាភសក្ការៈ លើការងាររបស់អ្នកសិល្បៈនោះលោក មិនឲ្យសូម្បីតែ សូនចុច១ភាគរយ ។ មួយវិញទៀតលោក ចង់ផ្ដាំថាបើរស់នៅបានសុខហើយសន្សំសុខទៅ ដើម្បីទុកមុខរាប់គ្នាថ្ងៃក្រោយគួរស្រណោះគ្រាកន្លងផង វាមិនដែលកន្លែងចាស់ធ្វើឲ្យអ្នកឆ្អែតដល់ថ្នាក់អ្នកខំរកល្បិច ដើម្បីបំផ្លាញកន្លែងចាស់ដែលអ្នកធ្លាប់កម្សត់នោះទេ ។ អ្នកធ្វើឲ្យប៉ះពាល់ច្រើនហើយដល់ផ្នែកដ៏ទៃ តែម្ដងនេះអ្នកធ្វើឲ្យប៉ះពាល់កិត្តិយសរបស់តារាចម្រៀង ។
គួរបញ្ជាក់ដែរថាលោក យឹម តាស្រង់ ធ្លាប់សាងស្នាដៃនិពន្ធបទចម្រៀងលេចធ្លោរជាច្រើនបទឲ្យតារាល្បីៗច្រៀងគ្រាដែលលោកជ្រកក្រោមទ្រនំ នៃផលិតកម្មថោន ប៉ុន្តែលោកក៏លេចចេញរឿងចម្រូងចម្រាស់ជាច្រើននៅក្នុងផលិតកម្មនេះផងដែរ ។ លេចវត្តមានក្នុងផលិតកម្មហ្គាឡាក់ស៊ី លោក បានធ្វើឲ្យទស្សនិកជនងាកមកគាំទ្រស្នាដៃដឹកនាំផលិត និងនិពន្ធបទចម្រៀងសម្រាប់តារាចម្រៀងវ័យក្មេងមួយចំនួន ដូចជាកុមារា ធឿន បុរី កុមារី អ៊ុក សុវណ្ណារី និង កញ្ញា តន់ ច័ន្ទសីម៉ា ជាដើម ៕ វឌ្ឍនា