ភ្នំពេញ ៖ យោងតាមប្រភពព័ត៍មានពីគណនីហ្វេសប៊ុកឈ្មោះ Pich Staneli បានបង្ហោះសារយំទួញសោករៀបរាប់ទាំងក្តីឈឺចាប់ថា៖ «សូមសម្ដេចម៉ែ ប៊ុន រ៉ានី និងសម្ដេចពុក ហ៊ុន សែន ជួយកូនចៅផង កូនមានតែ2អ្នកម៉ែកូនទេ គ្មានទីពឹងបងប្អូនជួយទេ មានតែលើកដៃសំពះ សូមឲ្យសម្ដេចម៉ែ និង សម្ដេចពុក ព្រមទាំងអ្នកកាន់ច្បាប់ ជួយរកយុត្តិធម៌ឲ្យខ្ញុំតាមផ្លូវច្បាប់ផង ។ ខ្ញុំត្រូវបានបុរសម្នាក់ប្រើអំពើហិង្សាលើរាងកាយ និងគំរាមដោយគេមិនខ្លាចច្បាប់ ព្រោះគេធ្វើការនៅក្រសួងការពារជាតិ ខ្ញុំជាប្រជាជនធម្មតាតើខ្ញុំត្រូវធ្វើអ្វីដើម្បីបានយុត្តិធម៌» ។
ប្រភពដដែលបន្តថា រូបនាងមានទំនាក់ទំនាក់ទំនងស្នេហាជាមួយបុរសជាសង្សារ ដែលជាមន្រ្តីយោធាម្នាក់ធ្វើការនៅក្រសួងការពារជាតិមានបុណ្យស័ក្ដិកិត្តិយសគួសមដែរ ប៉ុន្តែអ្វីដែលនាងនឹកស្មានមិនដល់នោះ គឺមនុស្សដែលខ្លួនបានស្រឡាញ់ និងស្គាល់ចិត្តថ្លើមគ្នាជាង១ឆ្នាំហើយនោះ ដោយគិតថានៅថ្ងៃណាមួយ និងចូលរោងការជាមួយគ្នា តែផ្ទុយទៅវិញក្ដីស្រម៉ៃសង្ស័យក្លាយជាផេះ បន្ទាប់ពីបុរសជាសង្សារបានប្រើហិង្សាទៅលើនាងបណ្ដាលឲ្យរងរបួសយ៉ាងដំណំពេញខ្លួនប្រាណ ។
គួរបញ្ជាក់ថា នារីរងគ្រោះបានសំណូមពរដល់សម្ដេចទាំងទ្វេជួយអន្ដរាគមន៍ដល់នាងផងដែរ បច្ចុប្បន្ននេះដោយសារតែនាងមានការភ័យខ្លាច ទើបនាងសុខចិត្តចាកចេញពីផ្ទះទៅជួលបន្ទប់សណ្ឋាគារមួយកន្លែងស្នាក់នៅបណ្ដោះអាសន្ន ដើម្បីកុំឲ្យប្រុសស្នេហ៍នោះតាមរកឃើញ ព្រោះនាងមានតែពីរនាក់ម្ដាយ និងកូនប៉ុណ្ណោះ ។ ក្នុងនោះដែរក្រោយមានរឿងនាងបានឡាយផុសវីដេអូនិយាយពីដំណើររឿងរបស់នាងប្រាប់មហាជន ដើម្បីសុំមតិយោបល់ខ្លះៗព្រោះនាងអះអាងថាខ្លួនមិនសូវចេះដឹងរឿងច្បាប់ទំលាប់អីប៉ុន្មានទេ ។
គេសង្កេតឃើញថាទោះបីនាងខឹង និងសង្សារនាងរហូតចង់ចែកផ្លូវគ្នា និងប្រើអំពើហិង្សារលើនាងយ៉ាងនេះក្ដី ក៏នាងមិនបង្ហាញអត្តសញ្ញាណបុរសនោះឲ្យមហាជនបានស្គាល់ជាសាធារណៈនៅឡើយដែរ ដោយនាងបានបញ្ជាក់ថាពេលនេះនាងមិនទាន់បង្ហាញឈ្មោះមុខមាត់ពិតដល់មហាជនទេ ដោយនាងចង់ឲ្យគេចូលខ្លួនមកដោះស្រាយគ្នាតាមរបៀបក្រៅប្រពន្ធ័ច្បាប់សិន ណាមួយនាងក៏មិនចង់ឲ្យបុរសនោះធ្លាក់បុណ្យស័ក្ដិតួនាទីការងារដែរ ព្រោះបុណ្យស័ក្ដិទំរាំបានឡើងមួយស័ក្ដិៗក៏មិនងាយដែរ ។ និយាយទៅនាងនៅមានចិត្តគិតគូរដល់ប្រុសស្នេហ៍របស់ខ្លួននៅឡើយ តែនាងថាចាប់ពីពេលនេះតទៅនាងមិនអាចរស់នៅជាមួយមនុស្សដូចបុរសនោះទៀតទេពេលដែលខឹងអីតិចតួចតែងទាញកាំភ្លើងបញ្ជូលគ្រាប់គំរាមនាងជាញឹកញាប់ មានពេលខ្លះទៅបញ្ជូលគ្រាប់កាំភ្លើងដល់មុខបន្ទប់នាង រហូតដល់ជ្រុះគ្រាប់ពេញបន្ទប់នាងក៏រើសទុកទៀតផង ។
គួររំលឹកថា បច្ចុប្បន្ននេះគេសង្កេតឃើញថា ពាក់ព័ន្ធរឿងរ៉ាវមួយចំនួនមិនថាតូចឬក៏ធំដុំអីនោះទេ សូម្បីតែរឿងបន្តិចបន្តួចក្នុងរង្វង់គ្រួសារផ្ទាល់ខ្លួន ជាពិសេសរឿងស្នេហារវាងមនុស្សតែពីរនាក់សោះ នៅពេលមានរឿងរកាំរកូសឈ្លោះទាស់ទែងខ្វែងគំនិតគ្នា បែរនាំគ្នាស្រែករកសម្ដេចទាំង២ឲ្យជួយធ្វើអន្តរាគមន៍ ប៉ុន្តែពេលបានសេចក្ដីមិនស្រែកប្រាប់សម្ដេចនោះឡើយ គឺសម្ងំសុខតែពីរនាក់យ៉ាងសុខស្រួលទៅវិញ តែករណីនេះដោយសាតែជនដៃដល់ដែលជាសង្សាររបស់ខ្លួនជាមន្ដ្រីយោធា និងមានស័ក្តិយសធំ ទើបរូបនាងសម្រេចចិត្តសុំអន្ដរាគមន៍ដល់ថ្នាក់ដឹកនាំបែបនេះតែម្តង ៕ ស តារា