ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ទួលទំពួង២ ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយពីគាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិ

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំង​ល្បាត​ប៉ុស្តិ៍​ប៉ុស្តិ៍​នគរបាល​រដ្ធបាល​ទួល​ទំពូង​២​ បានឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់ក្រោយពី ឆែកឆេរ​រកឃើញទ្រព្យសម្បត្តិមួយចំនួន ដែលគួរឲ្យសង្ស័យ ហើយនាំយកទៅសួរនាំ ទើបបែកធ្លាយថា ជាចោរគាស់ផ្ទះប្រជាពលរដ្ឋ ។

​ហេតុការណ៍​នេះ​ដែរ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៣​ ទៀបភ្លឺ ថ្ងៃ​ទី​៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ នៅ​ចំនុច​ផ្ទះ​លេខ​១៨១​ ផ្លូវ​១៧៣​ សង្កាត់​ទួល​ទំពូង​២​ ខណ្ឌ​ចំការ​មន ​រាជធានី​ភ្នំពេញ​ ។

សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់​ផ្ទះ​រង​គ្រោះ​​ មាន​ឈ្មោះ​ ថម​ ម៉ៅ​ ភេទ​ស្រី​ អាយុ៣៨ឆ្នាំ​ ​ មុខ​របរ​ នៅ​ផ្ទះ​ ស្នាក់នៅ​ ផ្ទះ​កើតហេតុ​ ខាងលើ​ ។ ចំណែក​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​នោះ​រួមមាន​​ ឈ្មោះ​ ខែម​ សុខ​ន​ ភេទ​ប្រុស​ អាយុ​ ៣៨ឆ្នាំ​ មុខរបរ​ រើសអេតចាយ​ ស្នាក់​នៅ​ផ្ទះ​ជួល​ សង្កាត់​បឹង​ទំពុន​២​ ខណ្ឌ​មាន​ជ័យ​ ។ នឹង​ជន​សង្ស័យ​ម្នាក់​ទៀត​ជាបក្ខពួក​​ មាន​ឈ្មោះ​ ​ សួរ​ ចំណាន​ អាយុ​២៥ឆ្នាំ​ មុខរបរ​ រើសអេតចាយ​ ជាម្ចាស់​រម៉ក​ ស្នាក់នៅ​ សង្កាត់​បឹង​ទំពុន​២​ ខណ្ឌ​មាន​ជ័យ​ ។

យោងតាម​ប្រភព​ព័ត៌មាន​ បាន​ប្រាប់ឲ្យដឹងថា​មុន​កើត​ហេតុ​គឺ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ធបាល​បឹ​ង​ទំពុន​ទី​២​ បាន​ល្បាត​ក្នុង​មូលដ្ឋាន​ មក​ដល់​ចំនុច​កើត​ហេតុ​ ក៏​ឃើញ​ជនសង្ស័យ​ ឈ្មោះ​ខែម​ សុខន​ ដើរ​ចេញ​ពី​ផ្ទះ​កើត​មក​ ដោយ​មាន​ការ​សង្ស័យ​ ក៏​ឃាត់​ខ្លួន​សួរ​នាំ​ នឹង​ ឆែកឆេរ​ខ្លួន​រកឃើញ​លុយ​ខ្មែរ​មួយ​ចំនួន​ ទូរស័ព្ទ​ដៃ​២​គ្រឿង​ នឹង​ នាឡិកា​ដៃ​២គ្រឿង​ ពេល​សួរ​ដេញ​ដោល​ ធ្វើ​ឲ្យ​ជន​សង្ស័យ​ភ័យស្លន់ស្លោរ​ ទើប​ដឹង​ថា​ជា​ចោរ​ ហើយ​បាន​សារភាព​ប្រាប់​ថា ​រូប​គេ​លួច​យក​ចេញ​ពី​ផ្ទះ​កើត​ហេតុ​ខាង​លើនោះ​ ទើប​ភ្ញាក់ផ្អើល​ដល់​ដល់​សមត្ថកិច្ច​ គោះទ្វារ​ហៅ​រក​ម្ចាស់​ផ្ទះ​ ក៏​មានស្ត្រីម្នាក់​ចេញ​ពី​ផ្ទះ​ នៅ​ជិត​កន្លែង​កើត​ហេតុ​មក​អះអាង​ថា​ជា​ផ្ទះ​របស់​ខ្លួន​ដោយ​គាត់​ចាក់​សោរ​ទុក​ចោល​ ទៅគេង​ផ្ទះ​បងប្អូន​ក្បែរ​គ្នា​ នឹង​ បានចូល​ទៅ​មើល​ក្នុង​ផ្ទះ​ ទើប​ភ្ញាក់ផ្អើល​ស្រែក​ឆោឡោ​ ឲ្យ​សមត្ថកិច្ច​ជួយ​ព្រោះ​តែ​ផ្ទះ​របស់​គាត់​ត្រូវ​បាន​ក្រុម​ចោរ​ គាស់​សោរ​ផ្ទះ​ចូល​ រើឥវ៉ាន់​រាយប៉ាយ​ពេញ​ក្នុង​ផ្ទះ​ លួច​ទ្រព្យសម្បត្តិ​អស់​ហើយ​ តាំង​ពី​ទូរទស្សន៍​ ម៉ាញ៉េ​ ធុង​បាស​ កង្ហារ​ លុយ​ មាស​រួម​ទាំង​ផ្លាកទីន​ មួយ​ចំនួន​ទៀត​បាត់​អស់​ពី​ផ្ទះ​គ្មាន​សល់ ។

ភ្លាមៗ​សមត្ថកិច្ច​ក៏​ឃាត់​ខ្លួន​ជនសង្ស័យ​ខាងលើ​ភ្លាមៗ​ យក​ទៅ​សួរ​នាំ​ ទើប​ដឹង​ថា​មាន​បក្ខពួក​ម្នាក់​ទៀត​ ​ ឈ្មោះ​ សួ​ ចំណាន​ ដែល​បាន​អូសរទេះ​ អេតចាយ​យក​ទ្រព្យ​សម្បត្តិ​ជន​រងគ្រោះ​គេច​ខ្លួន​ ហើយ​សមត្ថកិច្ច​ក៏​បាន​ សហការ​គ្នា​ជា​មួយ​ កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​ទំនប់​ ល្បាត​រួម​គ្នា​មក​ដល់​ ចំនុច​ផ្លូវ​៤៣២​ ជិត​នឹង​អគារ​ខុន​ដូរ​មួយ​កន្លែងស្ថិត​នៅ​ក្នុង​សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​បឹងកេងកង​​ ក៏​ប្រទះ​ឃើញ​ ជន​សង្ស័យ​កំពុង​អូសរទេះ​អេតចាយ​ ក៏ឃាត់​ខ្លួន​សួរ​នាំ​ នឹង​ ឆែកឆេរ​រក​ឃើញ​មាន​ ធុង​បាស់​ ម៉ាញ៉េ​ ទូរទស្សន៍​ កង្ហារ​ សួរ​នាំ​ទើប​ជនសង្ស័យ​សារភាព​ថា​ខ្លួន​ពិត​ជា​បក្ខពួក​នឹង​គ្នា​ពិត​ប្រាកដ​មែន​ នឹង​ បាន​ឃាត់ខ្លួន​យក​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ទួល​ទំពូង​២​ សួរ​នាំ​បន្តតែម្តង ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​រងគ្រោះ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​កើត​ហេតុ​ គឺ​គាត់​ទើប​នឹង​ ត្រឡប់​មក​ពី​លេង​នៅ​ខេត្ត​សៀមរាប​វិញ​ ហើយ​យប់​កើត​ហេតុ​នោះ​ គាត់​មិនបាន​សម្រាក​នៅ​ផ្ទះ​គាត់​ទេ​ ដោយ​បាន​ចាក់​សោរ​ផ្ទះ​ ទៅ​សម្រាក​នៅ​ផ្ទះ​បង​ប្អូន​ក្បែរ​នោះ​ ពេល​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​មុខ​ផ្ទះ​ ទើប​គាត់​ចេញ​មក​ មក​មើល​ផ្ទះ​គាត់​ឃើញ​ចំហរទ្វារ​ ទើប​ដឹង​ថា​មាន​ចោរ​លួច​គាស់​ទ្វារ​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ​ ។

ក្រោយ​កើត​ហេតុ​ទ្រព្យសម្បត្តិ​ដែលជនសង្ស័យ​ ​ប្រមូល​យក​ទៅ​នោះ​ ត្រូវ​បាន​ប្រគល់​ទៅ​ជន​រងគ្រោះ​វិញ​ នឹង​ សល់​ការ​បូប​ដាក់​គ្រឿង​ អលង្ការ​ មាន​ មាស​ នឹង​ ផ្លាកទីន​(​ មិន​បញ្ជាក់​ចំនួន​)​ ជា​របស់​បង​ប្អូន​ផ្ញើរ​ រក​មិន​ទាន់​ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​ពីរ​ បាន​សារភាព​ថា​ ខ្លួន​ពិត​ជា​បាន​ធ្វើ​សកម្មភាព​គាស់​ សោរ​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​ស្ត្រី​រងគ្រោះ​ពិត​មែន​ ។

បច្ចុប្បន្ន ​ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​កាន់​អធិការដ្ធាននគរបាល​ខណ្ឌ​ចំការ​មន​ចាត់​ការ​បន្ត​ ៕ សុខាសែនជ័យ


ចែករំលែក៖