ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ព្រៃឡង់នៅក្នុងស្រុករវៀង ខេត្តព្រះវិហារកំពុងរងការបំផ្លាញ

ចែករំលែក៖

មន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា ដោយសារសំអាងលើច្បាប់អនុញ្ញាតពីក្រសួងកសិកម្ម ដើម្បីដាំដុះលើផ្ទៃដីសម្បទានសេដ្ឋកិច្ចរបស់ខ្លួនទើបក្រុមហ៊ុនធីង៉ាអភិវឌ្ឍន៍និងវិនិយោគ កំពុងធ្វើសកម្មភាពកាប់ឈើដឹកជញ្ជូនឈើមូលចេញពីតំបន់ព្រៃឡង់ ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ យ៉ាងមហន្តរាយ។ បញ្ហានេះស្ថាប័នជំនាញមិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះប្រភពខ្លះបានឲ្យដឹងថា ទីតាំងដែលក្រុមហ៊ុនធីង៉ាអភិវឌ្ឍន៍និងវិនិយោគ កាប់ឈើនៅខាងក្រៅទីតាំងដី សម្បទានរបស់ខ្លួនយ៉ាងសកម្ម។ ក្នុងមួយថ្ងៃៗក្រុមហ៊ុនធីង៉ាអភិវឌ្ឍន៍និងវិនិយោគ បានដឹកជញ្ជូនឈើចេញពីព្រៃឡង់ ក្នុងឃុំរៀបរយ តាមរថយន្តយីឌុប និងរថយន្តបង្កុង រាប់សិបគ្រឿង។

តាមសេចក្តីរាយការណ៍ពីប្រជាសហគមន៍ការពារព្រៃឡង់នៅឃុំរៀបរយ បាន ឲ្យដឹងថា ក្រុមហ៊ុនធីង៉ាអភិវឌ្ឍន៍និងវិនិយោគ បានប្រើលិខិតមួយសន្លឹកដែលស្នើសុំការអនុញ្ញាតពីក្រសួងកសិកម្ម បានឈូសឆាយដីដាំដុះក្នុងអនុតំបន់៤ និងអនុតំបន់ ៥ ដែលមិនទាន់មានការកំណត់ព្រំប្រទល់នៅឡើយបែរជាក្រុមហ៊ុនធីង៉ាអភិវឌ្ឍន៍ និង វិនិយោគ កាប់ឈើក្នុងព្រៃឡង់ឃុំរៀបរយ ធ្វើអាជីវកម្មយ៉ាងរលូន។ ចំណែកប្រធាន មន្ទីរកសិកម្មខេត្តព្រះវិហារ ក៏ដូចជាប្រធានបរិស្ថានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ កំពុងបណ្តោយឲ្យក្រុមហ៊ុនធីង៉ាអភិវឌ្ឍន៍និងវិនិយោគ បំផ្លាញព្រៃឡង់យ៉ាងមហន្តរាយ។ ទីតាំងដែលក្រុមហ៊ុនធីង៉ាអភិវឌ្ឍន៍និងវិនិយោគ កំពុងសម្រុកកាប់ឈើធ្វើអាជីវកម្មយ៉ាងកំរោលនោះគឺនៅចំណុចអូរឡង់ តំបន់៤ តំបន់៥ ភូមិស្រែវាល ឃុំរៀបរយ ស្រុករវៀង ហើយដឹកជញ្ជូនឈើចេញពីព្រៃយ៉ាង ពេញបន្ទុកតែម្តង ព្រោះមានការឃុបឃិតជាប្រព័ន្ធ។

មន្ត្រីអាជ្ញាធរឃុំរៀបរយ និងមន្ត្រីអាជ្ញាធរស្រុករវៀង បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនធីង៉ាអភិវឌ្ឍន៍និងវិនិយោគ មាននាយកថ្មីឈ្មោះ ជា ពៅ និងមានមេការឈ្មោះ សុង កំពុងកៀងគរប្រជាពលរដ្ឋឲ្យចូលព្រៃកាប់ឈើនៅចំណុចអូរឡង់តំបន់៤ តំបន់៥ យ៉ាងពេញបន្ទុក។ បន្ទាប់មកក្រុមហ៊ុនធីង៉ាអភិវឌ្ឍន៍និងវិនិយោគ បានប្រមូលឈើ ទាំងនោះដឹកជញ្ជូនតាមរថយន្តយីឌុប និងរថយន្តបង្គុងរាប់សិបគ្រឿងចេញពីព្រៃជា រៀងរាល់ថ្ងៃ ព្រោះមន្ត្រីជំនាញ និងមន្ត្រីអាជ្ញាធរខេត្តព្រះវិហារ មិនចាត់វិធានការ ទប់ស្កាត់ឡើយ៕


ចែករំលែក៖