ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តស៊េរីទំនើប បត់ឆ្លងផ្លូវជ្រុលទៅបុកជាមួយរថយន្តសាំយ៉ុងបណ្ដាលឲ្យមនុស្សពីរនាក់រងរបួស

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបបត់ឆ្លងផ្លូវ ជ្រុលទៅបុកជាមួយរថយន្តសាំយ៉ុងដឹកត្រីមួយគ្រឿង ទំហឹងបណ្ដាលឲ្យមនុស្សពីរនាក់រងរបួស ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ៣និង ៥០ នាទីទៀបភ្លឺ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ២៨៩ កែងនឹងផ្លូវលេខ៥៦៦ ក្នុងសង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2T-5518 ធ្វើដំណើរតាមបណ្តោយផ្លូវ ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុបានបត់ឆ្វេងចូលផ្លូវលេច ៥៦៦ បានជ្រុលទៅបុករថយន្តសាំយ៉ុងដឹកត្រីពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2F-9478 បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសគ្នាក្នុងទិសដៅពីជើងទៅត្បូងពេញទំហឹង បណ្ដាលឲ្យរងរបួសពីរនាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តខ្ទេចផ្នែកខាងមុខដូចគ្នា ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចមកវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅឯការិយាល័យចរាចររាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖