ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលស្រុកបន្ទាយស្រី តាំងចិត្តចាត់វិធានការតាមច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើសឈូសឆាយដីព្រៃលិចទឹកយកធ្វើជាកម្មសិទ្ធិ

ចែករំលែក៖

ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីនៅថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២០ បានប្រកាសព័ត៌មានលើហ្វេសប៊ុកថា ទេសកាលថ្មីឆ្នាំ២០២០ នៃស្រុកបន្ទាយស្រីដាច់ខាតនឹងមិនអនុញ្ញាតឲ្យអំពើរំលោភបំពានច្បាប់បែបនេះរួចផុតពីសំណាញ់ច្បាប់បានឡើយ ។

លោកបានថ្លែងថានេះគឺជាសកម្មភាពឈូសឆាយកាប់ព្រៃកោងកាង លិចទឹកនិងព្រៃក្បាលជប់ដោយខុសច្បាប់ រំលោភយកដីធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួននៅក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ។ បើគិតថាធ្វើអំពើ ល្មើសច្បាប់ហើយអាចបិទបាំងយករួចខ្លួនកេងផលប្រយោជន៍បាន នោះជាការយល់ច្រលំធំហើយ ។ ខ្ញុំជឿជាក់ថាអ្នកស្រុកបន្ទាយស្រីរបស់ ខ្ញុំក្នុងសម័យកាលនេះនឹងមិនបណ្តោយឲ្យជនខិលខូចល្មើសច្បាប់ ធ្វើអ្វីបានតាមអំពើចិត្តនោះឡើយ ។

សូមអរគុណដល់ប្រជាពលរដ្ឋក្នុងភូមិស្គន់ ដែលបានរាយការណ៍មកដល់ខ្ញុំដោយផ្ទាល់ហើយខ្ញុំសូមធ្វើការ លើកទឹកចិត្តឲ្យប្រជាពលរដ្ឋទូទាំងស្រុកបន្ទាយស្រី បន្តរាយការណ៍ និងឈឺឆ្អាលទៅលើរាល់សកម្មភាពខុសច្បាប់នៅក្នុងស្រុកដើម្បីការពារ ប្រយោជន៍រួមសម្រាប់បន្ទាយស្រីយើងទាំងអស់គ្នាហើយក្នុងនាមអាជ្ញាធរមូលដ្ឋានខ្ញុំសន្យាថា នឹងមិនព្រងើយកន្តើយចំពោះបញ្ហានេះឡើយ ។

លោកបានបញ្ជាក់ថា នៅក្នុងពេលដ៏ខ្លីខាងមុខនេះខ្ញុំនឹងបង្កើតឲ្យមានខ្សែទូរស័ព្ទពិសេសមួយខ្សែរបស់រដ្ឋបាលស្រុក (Hotline) ដោយមាន អ្នកប្រចាំការច្បាស់លាស់ដើម្បីទទួលរាល់ព័ត៌មានរាយការណ៍នានាអំពី ភាពអសកម្ម និងទង្វើល្មើសច្បាប់ទាំងឡាយនៅក្នុងស្រុកដែលប្រជាពលរដ្នយល់ថាចាំបាច់សម្រាប់ឲ្យអាជ្ញាធរបានដឹង ។

លោកបានបន្តថា ដោយឡែកចំពោះករណីនេះខ្ញុំនឹងមានចំណាត់ការ យ៉ាងតឹងរឹងបំផុតដើម្បីជាគំរូល្អទៅថ្ងៃមុខធ្វើឲ្យអ្នករាយការណ៍បន្ត មានទឹកចិត្តរាយការណ៍ទៀតធ្វើឲ្យអ្នកល្មើសច្បាស់រៀងចាលមិន ហ៊ានបន្តប្រព្រឹត្តទៀត និងធ្វើឲ្យអ្នកប៉ងប្រព្រឹត្តអំពើខុសច្បាប់ទាំងឡាយខ្លាចរអាដូរចិត្តមិនហ៊ានធ្វើដោយខ្លាចទទួលរងផលវិបាក ខាងផ្លូវច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖