ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ រវាងរថយន្ត បើកមិនប្រកាន់ស្តាំបុកនឹងម៉ូតូពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែង កើតហេតុកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៣៩ និងលេខ១៤០ ស្ថិតនៅក្នុងភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ម៉ម មាឌ អាយុ ២៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្វាយ ឃុំ រមាំងថ្កោល ស្រុក ស្វាយទាប ខេត្តស្វាយរៀង ។ ចំណែកអ្នកបើករថយន្តត្រូវបានស្គាល់ឈ្មោះណុប សេរីវុធ អាអាយុប្រហែល៣០ឆ្នាំមិនស្គាល់ទីលំនៅនោះទេក្រោយកើតហេតុបានរត់គេចខ្លួនបន្សល់តែរថយន្តនៅនឹងកន្លែង ។
ប្រភពបន្តថា នៅមុនពេលកើតហេតុមានរថយន្ត ម៉ាក ហាយឡិនឌ័រ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២Y ៣៤២៥ បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីទិសដៅពីលិចទៅកើតលុះមកដល់ចំនុចកើតហេតុខាងលើ ក៏គេចពីផ្លូវដែលទើបអ៊ុតមកខាងស្តាំដៃបានជ្រុលបុកម៉ូតូ ម៉ាក ហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង ១H ១៧៥៥ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បញ្ច្រាស់ទិសគ្នាយ៉ាងពេញហឹងបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ (ដោយមិនពាក់មួកសុវត្ថិភាព) ។
ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើរួចមកដោយឃើញសភាពការណ៍មិនស្រួលអ្នកបើកបររថយន្តបានចុះពីរថយន្តបានរត់គេចពីកន្លែងកើតហេតុ ខណៈជនរងគ្រោះដែលស្លាប់ត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
រីឯមធ្យោបាយទាំងពីរសមត្ថកិច្ចអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីរង់ចាំដោះស្រាយតាមក្រោយ ៕ យឹម សុថាន